ដោយៈ ចំណាន
ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។
ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន ទី១ គោលការណ៍កាតព្វកិច្ច តាមតម្រូវការជាក់ស្ដែង ដែលអាចអនុវត្ដតាមការស្មោះចិត្ដ ឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្ដែង ចំពោះពលរដ្ឋអាយុ១៨ឆ្នាំ ទៅ២៥ឆ្នាំ នឹងត្រូវក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់កាតព្វកិច្ចយោធា រយៈពេល២៤ខែ។
ទី២ គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្មោះចិត្ដចំពោះស្ដ្រី។ ទី៣ គោលការណ៍ហ្វឺកហ្វាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធី និងការកំណត់ជាក់ស្ដែង។ ទី៤ គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់ កាតព្វកិច្ចយោធាដោយជោគជ័យ ហើយវិលទៅបម្រើការនៅអង្គភាព និងស្ថាប័នក្នុងក្របខណ្ឌ និងមុខតំណែងដដែល។ ទី៥ គោលការណ៍ត្រៀមចូលបេសកម្ម នៅពេលដែលប្រទេសជាតិមានតម្រូវការ ចំពោះយោធិនបម្រុង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្ដតាមគោលការណ៍ទាំង៥នេះ ទើបអាចរួចចំណែកក្នុងការកសាងធនធានយុវជនខ្មែរ មានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជន។

សេចក្តីព្រាងច្បាប់ស្តីពី “កាតព្វកិច្ចយោធា” មាន៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។
តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី“កាតព្វកិច្ចយោធា” នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។
រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាល តាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕







