ក្រុមហ៊ុនចំនួន២សហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដាអន្តរជាតិ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CFIPEC Cambodia និងIPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដាអន្តរជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកសេង សក្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិកIPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការទទួលស្គាល់ជំនាញកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈផ្តល់វិញ្ញាបនបត្រកម្រិតអន្តរជាតិIPEC។

នាឱកាសនោះ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី បានជម្រាបជូនអំពីបេសកកម្មរបស់ខ្លួន ក្នុងការនាំយកស្តង់ដា ISO/IEC 17024 មកអនុវត្តន៍នៅកម្ពុជា ដើម្បីបញ្ជាក់ពីសមត្ថភាពបុគ្គល និងលើកកម្ពស់គុណភាពធនធានមនុស្សឱ្យមានភាពជឿជាក់ និងអាចទទួលស្គាល់បាន ទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។

ជាមួយនឹងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ស្តង់ដាអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីក្រុមហ៊ុនក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ទសន្សវិស័យ បេសកកម្ម កម្មវិធី និងសេវាកម្មក្នុងការវាយតម្លៃសមត្ថភាព និងផ្តល់វិញ្ញាបនបត្ររបស់CFIPEC ដើម្បីក្លាយជាវេទិកាឈានមុខគេរបស់កម្ពុជាសម្រាប់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព នវានុវត្តន៍កម្លាំងពលកម្ម និងឧត្តមភាពវិជ្ជាជីវៈដែលមានការទទួលស្គាល់ជាអន្តរជាតិ។

បន្ថែមពីនេះ អ្នកតំណាងCFIPEC ក៏បានបង្ហាញអំពីគោលបំណងក្នុងការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើបរិវត្តកម្មកម្លាំងពលកម្ម ក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងជំនាញ (Upskilling) ការរៀនជំនាញថ្មី (Reskilling) និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់ (Cross-skilling)ផងដែរ។

ជាការឆ្លើយតប លោករដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមហ៊ុន និងសហការី ដោយឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើការផ្ទេរចំណេះដឹងដល់យុវជន ក៏ដូចជាពលករកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ តាមរយៈការពង្រឹងជំនាញ ការរៀនជំនាញថ្មី និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់។

មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដោយសង្ឃឹមថា នឹងសម្រេចបាននូវការបង្កើតកិច្ចសហការ មួយប្រកបដោយផ្លែផ្កានាពេលឆាប់ៗខាងមុខនេះ៕


ចែករំលែក