សម្តេចតេជោ ហ៊ុន សែន ណែនាំពង្រឹងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារ

ចែករំលែក

(ស្វាយរៀង)៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំមន្ត្រីឱ្យចិត្តទុកដាក់​ពង្រឹង​កិច្ចសហប្រតិបត្តិការនៃការឆ្លង​កាត់ព្រំដែនរវាងប្រទេសទាំងពីរ ទាំងការធ្វើពា​ណិ​ជ្ជ​កម្ម ការឆ្លងកាត់របស់អ្នក​ទេស​ចរ និងប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បន្ត​ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពជុំវិញខេត្តស្វាយរៀង។

ពីលើទឹកដីខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេស​វៀត​ណាម សម្តេច​តេជោ ហ៊ុន សែន បានជំរុញឱ្យប្រឹងប្រែងជំរុញការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាងកម្ពុជា និងវៀត​ណាម ឱ្យឡើងដល់២០ពាន់លានដុល្លារអាមេរិក។

ពីខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន ក៏រំលឹកពីគោលនយោបាយនានា ពាក់ព័ន្ធ​ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មនៅលើទឹកដីខេត្តស្វាយរៀង។ ក្នុងនោះ​សម្តេច​តេ​ជោ បានសង្កត់ធ្ងន់ថា មិនមាននរណានឹកស្មានដល់នៅក្រុងបាវិត ក្លាយជា​តំបន់ឧស្សា​ហកម្មដូចពេលបច្ចុប្បន្ននោះឡើយ ខណៈពីអតីតកាលសុទ្ធតែជាតំបន់​ជម្លោះ។

ជាខេត្តជាប់ព្រំដែន តែក្រោមគោលនយោបាយកិច្ចសហប្រតិបត្តិការល្អលើ​ផ្នែក​វិនិ​យោគ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម បានធ្វើឱ្យខេត្តស្វាយរៀង ក្លាយ​ទៅជាខេត្តមានសក្តានុពលខ្ពស់លើការវិនិយោគ និងជាតំបន់ឧស្សាហកម្មដ៏​ទាក់ទាញ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ទោះបីប្រទេសជាតិបានជួបប្រទះនឹងបញ្ហាប្រឈមនានាយ៉ាងណាក្តី ខេត្តស្វាយរៀង នៅ​តែ​បន្តទទួលបាននូវទំនុកចិត្តពីវិនិយោគិន និងជាខេត្តគោលដៅឈានមុខមួយសម្រាប់
ការបណ្តាក់ទុនវិនិយោគបើករោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងឆ្នាំ
២០២៥ ខេត្តស្វាយរៀងមានតំបន់សេដ្ធកិច្ចពិសេសបើកដំណើរការថ្មីចំនួន ៣កន្លែង និងមានរោងចក្របើកថ្មី ចំនួន ៨៥កន្លែង បង្កើតកាំរងារធ្វើបានចំនួន ៣៣.៦៦៦នាក់។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តស្វាយរៀង ជាខេត្តទទួលបាន​គម្រោងចុះទុនវិនិយោគច្រើនជាងគេទី២ នៅក្នុងប្រទេស គឺចំនួន ១៣៩គម្រោង។ គិត​ត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋ​កិច្ចពិសេស ចំនួន ១៣កន្លែង។ ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង និងមានរោងចក្រ សហ​គ្រាស ក្រុមហ៊ុនឯកជន ចំនួន ១ ០៩៩កន្លែង ដែលបានផ្តល់ការងារជូនប្រជា​​ពល​​រដ្ឋ ចំនួន ១៦១ ០០៣នាក់។

តាមរយៈការងារនេះ កម្មករ និយោជិតទទួលបានចំណូលប្រមាណ ៤០លានដុល្លារ/១ខែ និងប្រមាណ ៤៨៥លានដុល្លារ/១ឆ្នាំ។

រោងចក្រ សហគ្រាស ដែលបានវិនិយោគនៅខេត្តស្វាយរៀង មានប្រភពមកពី១៦​ប្រទេស រួមមាន៖ ចិន, តៃវ៉ាន់, ហុងកុង, ជប៉ុន, កូរ៉េខាងត្បូង, វៀតណាម, ម៉ាឡេស៊ី, សឹង្ហបុរី, អាឡឺម៉ង់, អាមេរិក, កាណាដា, បង់ក្លាដែស, កម្ពុជា, ថៃ, ហ្វីលីពីន និង ឥណ្ឌូនេស៊ី៕


ចែករំលែក