តើ​អ្នកជំនួញ​ត្រូវ​បែងចែក​ពេលវេលា​ និង​គ្រប់គ្រង​មុខ​ជំនួញ​ច្រើនយ៉ាង​ដូចម្តេច​ក្នុង​ពេល​តែមួយ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ពេលវេលា​គឺជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​អ្នកជំនួញ​គ្រប់រូប​ ជាពិសេស​អ្នកមាន​មុខ​ជំនួញ​ច្រើន​នៅក្នុង​ដៃ​ ដែល​ចាំបាច់​ត្រូវតែ​មានការ​បែងចែក​ និង​គ្រប់គ្រង​ឱ្យ​ច្បាស់លាស់​ ដើម្បី​ដំណើរការ​ប្រកបដោយ​ភាព​រលូន​ និង​ជោគជ័យ​។

​ចង់​ដឹង​ទេ​ថា​ ការគ្រប់គ្រង​ និង​បែងចែក​ពេលវេលា​ដែល​ល្អ​បំផុត​ ត្រូវ​ធ្វើឡើង​យ៉ាងដូចម្ដេច​នោះ​ សូម​ស្វែងយល់​ជាមួយ​ការ​បង្ហើប​ពី​លោក​បណ្ឌិត​ Michael​ S.Nhim​ ដៃគូ​វិនិយោគ​ក្រុមហ៊ុន​ Care​ Group​ និង​ជា​អ្នក​ដែល​មានមុខ​ជំនួញ​ច្រើន​ដំណើរការ​រួមគ្នា​ក្នុង​ពេល​តែមួយ​។

លោក​បណ្ឌិត​ Michael​ S.Nhim​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ​មិនថា​ចំពោះតែ​អ្នក​ដែល​មានមុខ​ជំនួញ​ច្រើន​ប្រភេទ​ ឬមាន​ក្រុមហ៊ុន​ច្រើន​ដែល​កំពុង​ដំណើរការ​រួមគ្នា​នៅក្នុង​ពេល​តែមួយ​នោះ​ទេ​ ដែល​ត្រូវ​មានការ​បែងចែក​ពេលវេលា​ក្នុង​ការគ្រប់គ្រង​ ក្នុង​នោះ​សូម្បីតែ​អ្នក​ដែល​មាន​ក្រុមហ៊ុន​តែមួយ​ ឬមុខ​ជំនួញ​តែមួយ​ក្នុង​ដៃ​ក៏​ត្រូវតែ​មាន​ភាព​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រង​ពេលវេលា​នេះ​ផង​ដែរ​។

​លោក​បន្ត​ថា​ “នៅពេល​មានការ​បែងចែក​ពេលវេលា​ និង​ការគ្រប់គ្រង​ទៅលើ​មុខ​ជំនួញ​មិនបាន​ត្រឹមត្រូវ​ នោះ​មានន័យថា​ ដំណើរការ​របស់​ក្រុមហ៊ុន​ក៏​មិន​មាន​ភាព​ច្បាស់លាស់​ គ្មាន​ភាព​រលូន​ ដែល​អាច​ឈាន​ដល់​ភាព​បរាជ័យ​លើ​មុខ​ជំនួញ​យ៉ាង​ប្រាកដ​”។ លោក​បាន​បន្ត​ទៀត​ថា​ “អ្នកជំនួញ​ដែល​មាន​ក្រុមហ៊ុន​ច្រើន​នៅក្នុង​ដៃ​ និង​កំពុងតែ​ដំណើរការ​ព្រមគ្នា​ ចំពោះ​ការគ្រប់គ្រង​ និង​បែងចែក​ពេលវេលា​ដែល​ល្អ​បំផុត​នោះ​ គឺ​ត្រូវតែ​មានការ​កត់ត្រា​កាលវិភាគ​សម្រាប់​ប្រតិបត្តិ​ការ​ និង​ការ​បំពេញភារកិច្ច​យ៉ាង​ត្រឹមត្រូវ​ច្បាស់លាស់​ដោយខ្លួនឯង​ ឬអាច​មាន​អ្នកជំនួយ​ការ​ ដែលគេ​ហៅថា​លេខា​ផ្ទាល់ខ្លួន​ធ្វើ​កំណត់ត្រា​ជាប្រចាំ​ ហើយនឹង​អនុវត្ត​ទៅតាម​ការ​កត់ត្រា​ទាំងនោះ​ជាបន្តបន្ទាប់​”។

លោក​បណ្ឌិត​ Michael​ S.Nhim​ បាន​បន្ត​ទៀត​ថា​ ក្រៅពី​មានការ​បែងចែក​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ ការគ្រប់គ្រង​លើ​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​ក្រុមហ៊ុន​ក៏​សំខាន់​ដូចគ្នា​ ដើម្បី​អាច​រីកចម្រើន​លូតលាស់​ និង​ជោគជ័យ​។ គ្មាន​អ្នកណា​ម្នាក់​ដែល​អាច​ធ្វើការ១០ប្រភេទ​ នៅក្នុង​ពេល​តែមួយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​នោះ​គឺ​ការ​ចេះ​គ្រប់គ្រង​ និង​ការ​ចេះ​ប្រើ​មនុស្ស​តាម​ប្រព័ន្ធ​ Digital​។

លោក​បន្ត​ថា​ អ្នកគ្រប់គ្រង​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ ត្រូវតែ​ផ្តល់​ភារកិច្ច​បន្ត​ទៅ​ឱ្យ​មនុស្ស​ក្រោម​ឱវាទ​ ដែល​មាន​ជំនាញ​ច្បាស់ លាស់​អនុវត្តន៍​ ជំនួស​ជាមួយនឹង​ការ​ផ្តល់​នូវ​សិទ្ធិ​អំណាច​ក្នុង​ការសម្រេច​ចិត្ត​ដល់​ពួកគាត់​ ហើយ​រង់ចាំ​ទទួល​ និង​ពិនិត្យ​របាយការណ៍​។ នៅពេល​មាន​របាយការណ៍​ដែល​បង្ហាញ​ពី​ការ​ជួប​ឧបសគ្គ​ ក្នុងនាម​ជា​អ្នកដឹកនាំ​ និង​គ្រប់គ្រង​ត្រូវតែ​មាន ការ​សម្រេចចិត្ត​ខ្ពស់​ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​បន្ទាន់​ ដើម្បី​កែប្រែ​ស្ថានការណ៍​ឱ្យមក​រក​ភាពល្អ​ប្រសើរ​វិញ​ ហើយ​នៅពេល​អ្នក​ក្រោម​ឱវាទ​អនុវត្ត​ប្រកបដោយ​គុណភាព​ និង​ជោគជ័យ​ទៅលើ​ភារកិច្ច​ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ក៏​ត្រូវ​មានការ​លើកទឹកចិត្ត​ផង​ដែរ​។

យ៉ាងណាក៏ដោយ​ លោក​ Michael​ S.Nhim​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​រៀបរាប់​ខាងលើ​នេះ​ គឺ​គ្រាន់តែ​ជា​វិធីសាស្ត្រ​មួយ​ ក្នុងចំណោម​វិធីសាស្ត្រ​ជាច្រើន​ទៀត​ ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ប្រភេទ​ និង​ទំហំ​នៃ​មុខ​ជំនួញ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here