ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងដុងណាយ (Dong Nai) នៃប្រទេសវៀតណាម បានអនុម័តផែនការសាងសង់តំបន់ទីក្រុងទំហំ៦.៣១៨ហិកតា នៅច្រកទ្វារខាងលិចនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh។
តំបន់ទីក្រុងខាងលើនឹងមានទំហំធំជាងតំបន់ Manhattan នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបន្តិច ដែលនឹងអាចផ្ទុកមនុស្សរស់នៅចំនួន៤៥០.០០០នាក់។
តំបន់នេះស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហូជីមិញ ហើយបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ ៦១.០០០ នាក់ ដែលភាគច្រើនជាប្រជាជននៅជនបទ។ ចំនួនប្រជាជនត្រូវបានគេព្យាករថា នឹងកើនឡើងប្រហែលប្រាំពីរដងនៅឆ្នាំ ២០៤៥ ដោយប្រែក្លាយដីកសិកម្ម និងការតាំងទីលំនៅតូចៗទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ដ៏សំខាន់មួយ។
ក្រុមហ៊ុនប្រឹក្សាយោបល់មួយនឹងត្រូវបានជ្រើសរើសដើម្បីព្រាងផែនការពេញលេញក្នុងរយៈពេលប្រមាណ៩ខែ បន្ទាប់ពីនោះ គម្រោងនេះនឹងឆ្លងកាត់ការវាយតម្លៃ និងការអនុម័តជាផ្លូវការ មុនពេលការសាងសង់អាចចាប់ផ្តើមបាន។

ទីតាំងនេះត្រូវបានហ៊ុព័ទ្ធដោយផ្លូវល្បឿនលឿនចំនួន២ខ្សែដ៏មមាញឹកបំផុតរបស់ប្រទេសវៀតណាម រួមមាន ផ្លូវល្បឿនលឿន Ho Chi Minh City-Long Thanh-Dau Giay និងផ្លូវល្បឿនលឿន Ben Luc-Long Thanh។
តំបន់ទីក្រុងថ្មីនេះត្រូវបានរចនាឡើងជាចំណុចសំខាន់មួយនៅលើគម្រោងផ្លូវដែកធុនស្រាល Thu Thiem-Long Thanh ប្រវែង ៤១,៨ គីឡូម៉ែត្រ ដែលនឹងរត់ពីអាកាសយានដ្ឋាន Long Thanh ដោយផ្ទាល់ទៅកាន់សង្កាត់ពាណិជ្ជកម្ម Thu Thiem របស់ទីក្រុងហូជីមិញ។ ការសាងសង់ផ្លូវដែកគ្រោងនឹងចាប់ផ្តើមមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦៕ប្រភព: Vnexpress៕







