តម្លៃ​​ផ្ទះ​​នៅ​​ចិន​​ធ្លាក់​​ចុះ​​ក្នុង​កម្រិត​កាន់​តែ​ទាប​ ខណៈ​ការ​​ងើប​​ឡើង​​វិញ​​អាច​​នឹង​​ចំណាយ​​ពេល​​ច្រើន​​ខែ​ទៀត​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនយឺតបំផុតប្រចាំខែក្នុងរយៈពេលមួយឆ្នាំនៅខែមេសា ដែលជាសញ្ញាបង្ហាញពីស្ថិរភាព ស្របពេលមានការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្នុងតំបន់ដើម្បីជំរុញការលក់ និងបង្កើនទំនុកចិត្ត។

យ៉ាងណាមិញ ក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារអចលនទ្រព្យនឹងត្រូវការពេលវេលាជាច្រើនខែទៀត មុនពេលងើបឡើងវិញ បើទោះបីជាតម្លៃផ្ទះនៅក្នុងទីក្រុងធំៗចាប់ផ្តើមមានស្ថិរភាពយ៉ាងណាក្តី។

លោក Jeff Zhang អ្នកវិភាគនៅក្រុមហ៊ុន Morningstar បានអះអាងថា ទីផ្សារអចលនទ្រព្យមិនទាន់ធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឡើយទេ ហើយសូចនាករក្នុងវិស័យអចលនទ្រព្យទំនងជាបន្តមានភាពទន់ខ្សោយនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

លោក Zhang បានលើកឡើងថា ការផ្គត់ផ្គង់លើសតម្រូវការនឹងធ្វើឱ្យទីផ្សារចំណាយពេលមួយឆ្នាំទៅពីរឆ្នាំទៀតដើម្បីបង្ហាញពីការងើបឡើងវិញ។

តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះ០,១ភាគរយនៅខែមេសា ដោយរួមតូចពីការធ្លាក់ចុះ០,២ភាគរយនៅខែមីនា និងជាការធ្លាក់ចុះយឺតបំផុតចាប់តាំងពីខែមេសាឆ្នាំមុន។នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន។

ប្រសិនបើគិតលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះបានធ្លាក់ចុះ៣,៥ភាគរយបើប្រៀបធៀបទៅនឹងការធ្លាក់ចុះ៣,៤ភាគរយនៅក្នុងខែមីនា ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល១១ខែ។

ល្បឿនធ្លាក់ចុះប្រចាំខែកាន់តែយឺតជាងមុន ដោយសារស្ថិរភាពនៃតម្លៃផ្ទះនៅក្នុងទីក្រុងធំៗ បានជំរុញក្តីសង្ឃឹមក្នុងចំណោមបណ្តាវិនិយោគិន និងម្ចាស់ផ្ទះសម្រាប់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ដែលធ្លាប់គ្របដណ្តប់ចំណែកប្រមាណ២៥ភាគរយនៃសេដ្ឋកិច្ចចិន។

វិស័យនេះបានជាប់គាំងនៅក្នុងវិបត្តិរយៈពេលជាច្រើនឆ្នាំ ដែលបានជះឥទ្ធិពលដល់ការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យទ្រព្យសម្បត្តិគ្រួសារធ្លាក់ចុះ៕ប្រភព: Reuters៕


ចែករំលែក