ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានជួបប្រជុំពិភាក្សា លើការរៀបចំចងក្រងមគ្គុទេសក៍ណែនាំស្តីពីបរិយាបន្នពិការភាព សម្រាប់ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ។
ក្រសូងបានឲ្យដឹងថា ការចងក្រងមគ្គុទ្ទេសក៍ណែនាំស្តីពី បរិយាបន្នពិការភាពសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងធុនស្រាល(LRT) បានគ្រោងបឋមបែងចែកជា៩ជំពូក ក្នុងនោះរួមមាន ១). ទិដ្ឋភាពទូទៅ ២). គោលការណ៍រចនាប្រកបដោយបរិយាបន្ន ៣). តម្រូវការរបស់អ្នកប្រើប្រាស់។
៤). បរិយាយពីស្ថានីយ និងចំណតមានលក្ខណៈបរិយាបន្ន៥). ទីធ្លាឡើងចុះទូររថភ្លើង ៦). តម្រូវការបរិយាបន្នក្នុងទូររថភ្លើង ៧). បញ្ជរលក់សំបុត្រ និងព័ត៌មាន ៨). វិធានសុវត្ថិភាព និងសន្តិសុខ និង៩). ស្តង់ដារគំនូរបច្ចេកទេស។
កិច្ចប្រជុំនេះដឹកនាំដោយលោកគឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្តល់ធាតុចូលលើសេចក្តីព្រាង (លើកទី១) មគ្គុទ្ទេសក៍ណែនាំស្តីពីបរិយាបន្នពិការភាពនៅក្នុងសេវាដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវគោក និងផ្លូវដែក ដោយមានការអញ្ជើញចូលរួមពី លេខាធិការដ្ឋាន នៃក្រុមការងារជំនាញការអង្គការមូលនិធិអាស៊ី បុគ្គលិកអង្គការជនពិការកម្ពុជា មន្ត្រីជំនាញ និងមន្ត្រីស្ម័គ្រចិត្តផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្តល់ធាតុចូលបន្ថែម និងការផ្តល់គំនិតយោបល់ លើការចងក្រងសៀវភៅមគ្គុទ្ទេសក៍សម្រាប់ការរៀបចំបំពាក់បរិក្ខារ ផ្លាកសញ្ញាប្រើប្រាស់របស់ជនពិការ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារនៅតាមយានជំនិះ នៅតាមបណ្តាញផ្លូវធ្វើដំណើរ និងនៅតាមទីធ្លាលំហសាធារណៈ ស្របទៅតាមការណែនាំដូចមានចែងនៅច្បាប់ស្តីពី កិច្ចការពារ និងលើកកំម្ពស់សិទ្ធិជនពិការ និងគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ តាមរយៈការណែនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញឱ្យការអនុវត្តសកម្មភាពគាំទ្រ និងជួយសម្រួល ដល់ការបម្លាស់ទីរបស់មនុស្សវ័យចាស់ និងជនមានពិការភាពកាន់តែមានភាពងាយស្រួលឡើងថែមទៀត៕







