ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ សម្រាប់ឆ្នាំ២០២៦ នៅខែវិច្ឆិកា ខាងមុខ ក្រោមប្រធានបទគោល “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព”។
សន្និសីទនេះ ក៏នឹងបើកឱកាសឱ្យសាធារណជន ដែលមានចំណាប់អារម្មណ៍ អាចផ្ញើសំណើស្រាវជ្រាវ ទៅកាន់ក្រុមការងាររៀបចំ សន្និសីទនេះផងដែរ។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា(NBC )បានឲ្យដឹងកាលពីសប្តាហ៍មុនថា ផលិតកម្មក្នុងស្រុកត្រូវបានចាត់ទុកជាកម្លាំងចលករ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសនៅក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុកតាមរយៈគំនិតផ្តួចផ្តើមជាច្រើនរួមមាន ការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងសហគ្រិនស្ត្រី ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយ លើកទឹកចិត្តជាច្រើនផ្សេងទៀត។
NBCបានបន្តថា ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការជំនួសការនាំចូលលើផលិតផលណា ដែលមានវត្ថុធាតុដើម ហើយអាចផលិតផលក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុក នៅតែមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមចំណែកដោះស្រាយបន្ថែមទៀត។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទគោលស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព”។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ គឺអាចផ្ញើសំណើស្រាវជ្រាវមកកាន់នាយកដ្ឋាននយោបាយ រូបិយវត្ថុនិងស្រាវជ្រាវ តាមរយៈអ៊ីម៉េល [email protected]។






