តើ​ការ​សាង​សង់​អាគារ ​Jeddah ​Tower​ កំ​ពស់​ជាង​១០០០​ម៉ែត្រ​សម្រេច​បាន​វឌ្ឍន​ភាព​ដល់​ណា​ហើយ​?​

ចែករំលែក

ដោយៈ និស្ស័យ

    អន្តរជាតិៈ វាជាអគារខ្ពស់កប់ពពកមួយ នៅលើពិភពលោក និងក្នុងចំណោមគម្រោងអគារខ្ពស់កប់ពពក ដ៏មហិច្ឆតាបំផុតនៅលើពិភពលោក។

អាគារកប់ពពក កំពស់១គីឡូម៉ែត្របុកត្រង់ទៅលើអាកាសនេះ វាត្រូវបានគ្រោងនឹងក្លាយជាអគារដំបូងគេ ដែលមានកម្ពស់លើសពី១ គីឡូម៉ែត្រ ដែលខ្ពស់ជាងអគារBurj Khalifa ដែលជាម្ចាស់កំណត់ត្រាពិភពលោកបច្ចុប្បន្ន។

អគារនេះ បានចាប់ផ្តើមការសាងសង់ដ៏សំខាន់ឡើងវិញ នៅដើមឆ្នាំ 2025 បន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ។ គិតត្រឹមខែមេសាដល់ខែឧសភា ឆ្នាំ២០២៦នេះការសាងសង់ត្រូវបានរាយការណ៍ថា បានឆ្លងកាត់ប្រហែល១០០ជាន់ និងសម្រេចបានរយៈកម្ពស់បានឈានដល់ប្រហែល370–400 ម៉ែត្រ+ រួចហើយ។

ល្បឿនសាងសង់អាគារដ៏អស្ចារ្យនេះ គឺប្រហែលមួយជាន់រៀងរាល់4 ទៅ5 ថ្ងៃម្តងថ្មីៗនេះ។ កម្មកររាប់ពាន់នាក់បានត្រលប់មកធ្វើការវិញ ហើយការងារតុបតែងមុខ/ជញ្ជាំងបានចាប់ផ្តើម។

គម្រោងនេះ ត្រូវបានបញ្ឈប់អស់រយៈពេលជាច្រើនឆ្នាំ ដោយ​សារតែបញ្ហាហិរញ្ញវត្ថុ បញ្ហាអ្នកម៉ៅការ ការផ្លាស់ប្តូរនយោបាយអារ៉ាប៊ីសាអូឌីត និងរយៈពេល COVID។

តើអាគារដ៏អស្ចារ្យនេះនឹងបញ្ចប់នៅពេលណា?

របាយការណ៍ថ្មីៗបំផុតរំពឹងថា នឹងបញ្ចប់ប្រហែលឆ្នាំ២០២៨ ប្រសិនបើការសាងសង់បន្តដំណើរការដោយរលូន។

ទោះជាយ៉ាងណាក៏ដោយ គម្រោងធំៗដែលមានទំហំនេះនៅតែអាចប្រឈមមុខនឹងការពន្យារពេល។

តើអ្វីទៅជាភាពអស្ចារ្យអំពីគម្រោងនេះ?

១. អគារខ្ពស់កប់ពពកដំបូងគេលើពិភពលោក

វាមានកំពស់លើសពី១គីឡូ​ម៉ែត្រ ឬកំពស់១០០៨ម៉ែត្រ នោះមានន័យថាវាអាចខ្ពស់ជាងអគារBurj Khalifa ប្រហែល១៨០ម៉ែត្រ។

២. បញ្ហាប្រឈមផ្នែកវិស្វកម្មខ្លាំង

ប៉មនេះប្រើប្រាស់ ក្នុងស្ថាបត្យកម្មបែបសណ្ឋានជារាងឌីណាមិកខ្យល់បីស្រទាប់ពិសេសដើម្បីកាត់បន្ថយសម្ពាធខ្យល់ មានគ្រឹះជ្រៅខ្លាំង បច្ចេកវិទ្យាបូមបេតុងទំនើបសម្រាប់កម្ពស់ខ្លាំង។

គ្រឹះខ្លួនវាមានទំហំធំ៖ សសរអាគារបនេះ មានជម្រៅប្រហែល២៧០ម៉ែត្រ។

៣. និមិត្តរូបនៃចក្ខុវិស័យSaudi ឆ្នាំ ២០៣០

ប៉មនេះមិនមែនគ្រាន់តែជាអគារនោះទេ។ វាគឺជាចំណុចកណ្តាលនៃគម្រោងទីក្រុងនាពេលអនាគត ដ៏ធំមួយដែលមានឈ្មោះថា Jeddah Economic City។

គោលដៅរបស់អាគារនេះ គឺប្រទេសអារ៉ាប៊ីសាអូឌីតចង់ទាក់ទាញទេសចរណ៍ ទាក់ទាញវិនិយោគិនសកល អាជីវកម្មអន្តរជាតិ និងធ្វើពិពិធកម្មលើសពីប្រេង។

៤. ទីក្រុងបញ្ឈរ” ប្រណីត

នៅពេលសាងសង់រួច អគារនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលនូវលំនៅដ្ឋានប្រណីត ការិយាល័យ សណ្ឋាគារ តំបន់ផ្សារទំនើប និងជាកន្លែងសង្កេតមើលខ្ពស់បំផុតមួយរបស់ពិភពលោក។

ហេតុអ្វីបានជាមនុស្សជាច្រើន តាមដានគម្រោងនេះយ៉ាងដិតដល់? អ្នកជំនាញជាច្រើនយល់ឃើញថា វាជាការប្រកួតប្រជែងនៃកិត្យានុភាពនៅមជ្ឈិមបូព៌ា។ ជានិមិត្តរូបនៃអំណាចវិស្វកម្ម និងភស្តុតាងដែលអារ៉ាប៊ីសាអូឌីត ចង់បានការចាប់អារម្មណ៍ពីសកលលោក ស្រដៀងនឹងទីក្រុងឌូបៃ។

មនុស្សមួយចំនួនក៏សួរថា តើគម្រោងធំៗបែបនេះមាននិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែងដែរឬទេ ប៉ុន្តែគ្មាននរណាម្នាក់បដិសេធថា អគារនេះ គឺជាគម្រោងសាងសង់ដ៏ក្លាហានបំផុតមួយ ដែលធ្លាប់បានព្យាយាមនោះទេ៕


ចែករំលែក