ដោយៈ និស្ស័យ
អន្តរជាតិៈ វាជាអគារខ្ពស់កប់ពពកមួយ នៅលើពិភពលោក និងក្នុងចំណោមគម្រោងអគារខ្ពស់កប់ពពក ដ៏មហិច្ឆតាបំផុតនៅលើពិភពលោក។
អាគារកប់ពពក កំពស់១គីឡូម៉ែត្របុកត្រង់ទៅលើអាកាសនេះ វាត្រូវបានគ្រោងនឹងក្លាយជាអគារដំបូងគេ ដែលមានកម្ពស់លើសពី១ គីឡូម៉ែត្រ ដែលខ្ពស់ជាងអគារBurj Khalifa ដែលជាម្ចាស់កំណត់ត្រាពិភពលោកបច្ចុប្បន្ន។
អគារនេះ បានចាប់ផ្តើមការសាងសង់ដ៏សំខាន់ឡើងវិញ នៅដើមឆ្នាំ 2025 បន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ។ គិតត្រឹមខែមេសាដល់ខែឧសភា ឆ្នាំ២០២៦នេះការសាងសង់ត្រូវបានរាយការណ៍ថា បានឆ្លងកាត់ប្រហែល១០០ជាន់ និងសម្រេចបានរយៈកម្ពស់បានឈានដល់ប្រហែល370–400 ម៉ែត្រ+ រួចហើយ។
ល្បឿនសាងសង់អាគារដ៏អស្ចារ្យនេះ គឺប្រហែលមួយជាន់រៀងរាល់4 ទៅ5 ថ្ងៃម្តងថ្មីៗនេះ។ កម្មកររាប់ពាន់នាក់បានត្រលប់មកធ្វើការវិញ ហើយការងារតុបតែងមុខ/ជញ្ជាំងបានចាប់ផ្តើម។
គម្រោងនេះ ត្រូវបានបញ្ឈប់អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែបញ្ហាហិរញ្ញវត្ថុ បញ្ហាអ្នកម៉ៅការ ការផ្លាស់ប្តូរនយោបាយអារ៉ាប៊ីសាអូឌីត និងរយៈពេល COVID។
តើអាគារដ៏អស្ចារ្យនេះនឹងបញ្ចប់នៅពេលណា?
របាយការណ៍ថ្មីៗបំផុតរំពឹងថា នឹងបញ្ចប់ប្រហែលឆ្នាំ២០២៨ ប្រសិនបើការសាងសង់បន្តដំណើរការដោយរលូន។
ទោះជាយ៉ាងណាក៏ដោយ គម្រោងធំៗដែលមានទំហំនេះនៅតែអាចប្រឈមមុខនឹងការពន្យារពេល។
តើអ្វីទៅជាភាពអស្ចារ្យអំពីគម្រោងនេះ?
១. អគារខ្ពស់កប់ពពកដំបូងគេលើពិភពលោក
វាមានកំពស់លើសពី១គីឡូម៉ែត្រ ឬកំពស់១០០៨ម៉ែត្រ នោះមានន័យថាវាអាចខ្ពស់ជាងអគារBurj Khalifa ប្រហែល១៨០ម៉ែត្រ។
២. បញ្ហាប្រឈមផ្នែកវិស្វកម្មខ្លាំង
ប៉មនេះប្រើប្រាស់ ក្នុងស្ថាបត្យកម្មបែបសណ្ឋានជារាងឌីណាមិកខ្យល់បីស្រទាប់ពិសេសដើម្បីកាត់បន្ថយសម្ពាធខ្យល់ មានគ្រឹះជ្រៅខ្លាំង បច្ចេកវិទ្យាបូមបេតុងទំនើបសម្រាប់កម្ពស់ខ្លាំង។
គ្រឹះខ្លួនវាមានទំហំធំ៖ សសរអាគារបនេះ មានជម្រៅប្រហែល២៧០ម៉ែត្រ។

៣. និមិត្តរូបនៃចក្ខុវិស័យSaudi ឆ្នាំ ២០៣០
ប៉មនេះមិនមែនគ្រាន់តែជាអគារនោះទេ។ វាគឺជាចំណុចកណ្តាលនៃគម្រោងទីក្រុងនាពេលអនាគត ដ៏ធំមួយដែលមានឈ្មោះថា Jeddah Economic City។
គោលដៅរបស់អាគារនេះ គឺប្រទេសអារ៉ាប៊ីសាអូឌីតចង់ទាក់ទាញទេសចរណ៍ ទាក់ទាញវិនិយោគិនសកល អាជីវកម្មអន្តរជាតិ និងធ្វើពិពិធកម្មលើសពីប្រេង។
៤. “ទីក្រុងបញ្ឈរ” ប្រណីត
នៅពេលសាងសង់រួច អគារនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលនូវលំនៅដ្ឋានប្រណីត ការិយាល័យ សណ្ឋាគារ តំបន់ផ្សារទំនើប និងជាកន្លែងសង្កេតមើលខ្ពស់បំផុតមួយរបស់ពិភពលោក។
ហេតុអ្វីបានជាមនុស្សជាច្រើន តាមដានគម្រោងនេះយ៉ាងដិតដល់? អ្នកជំនាញជាច្រើនយល់ឃើញថា វាជាការប្រកួតប្រជែងនៃកិត្យានុភាពនៅមជ្ឈិមបូព៌ា។ ជានិមិត្តរូបនៃអំណាចវិស្វកម្ម និងភស្តុតាងដែលអារ៉ាប៊ីសាអូឌីត ចង់បានការចាប់អារម្មណ៍ពីសកលលោក ស្រដៀងនឹងទីក្រុងឌូបៃ។
មនុស្សមួយចំនួនក៏សួរថា តើគម្រោងធំៗបែបនេះមាននិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែងដែរឬទេ ប៉ុន្តែគ្មាននរណាម្នាក់បដិសេធថា អគារនេះ គឺជាគម្រោងសាងសង់ដ៏ក្លាហានបំផុតមួយ ដែលធ្លាប់បានព្យាយាមនោះទេ៕







