ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wuhan Central Group ពង្រឹងភាពជាដៃគូ សហប្រតិបត្តិការលើការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ ជាស្តង់ដាអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jun អគ្គនាយកក្រុមហ៊ុនWuhan Central Group នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងការចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីកិ ច្ចសហប្រតិបត្តិការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបពិភាក្សានេះ លោក Li Jun បានបង្ហាញការចាប់អារម្មណ៍ ចំពោះសក្តានុពលវិស័យទេសចរណ៍ ដ៏ទាក់ទាញរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ។

ភាគីក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងស្ថាប័នអប់រំនានានៅប្រទេសចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទិសដៅ នៃការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនWuhan Central Group ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា៕







