ក្រសួង​ចុះ​ MoU ជា​មួយ​ក្រុម​ហ៊ុន​ចិន​ដើម្បី​ពង្រឹង​ធន​ធាន​មនុស្ស​លើ​វិស័យ​នេះ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wuhan Central Group ពង្រឹងភាពជាដៃគូ សហប្រតិបត្តិការលើការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ ជាស្តង់ដាអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jun អគ្គនាយកក្រុមហ៊ុនWuhan Central Group នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងការចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីកិ ច្ចសហប្រតិបត្តិការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សានេះ លោក Li Jun បានបង្ហាញការចាប់អារម្មណ៍ ចំពោះសក្តានុពលវិស័យទេសចរណ៍ ដ៏ទាក់ទាញរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ។

ភាគីក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងស្ថាប័នអប់រំនានានៅប្រទេសចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទិសដៅ នៃការលើកកម្ពស់គុណភាពសេវាកម្មទេស​ចរណ៍ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនWuhan Central Group ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា៕


ចែករំលែក