ក្រុម​ហ៊ុន​ធំ​មួយ​របស់​កូរ៉េ​បង្ហាញ​ពី​ផែន​ការ​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Yura Harness Cambodia បានប្រកាស ពីផែនការពង្រីកឱកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជារួចហើយ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន Yura Harness Cambodia ដឹកនាំដោយលោក DooYeun Lee អគ្គនាយកក្រុមហ៊ុន។

ក្រុមហ៊ុនYura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមកបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតខ្សែភ្លើង ក្នុងរថយន្តនៅកម្ពុជាតាំងពីឆ្នាំ២០២២ ហើយបច្ចុប្បន្នមានកម្មករនិយោជិតសរុបចំនួន ១.១០០នាក់។

ក្នុងជំនួបពិភាក្សាការងារនេះ លោក DooYeun Lee បានរាយការណ៍អំពីវឌ្ឍនភាព នៃសកម្មភាពវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជាដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានជម្រាបជូនអំពីផែនការនៃការពង្រីកការវិនិយោគ។ ទន្ទឹមនឹងតម្រូវការជ្រើសរើសកម្មករបន្ថែម និងតម្រូវការវត្ថុធាតុដើមក្នុងស្រុក។

លោកក៏បានជម្រាបជូនអំពី ការគិគគូរបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ក្នុងរយៈពេលដែលបម្រើការងារនៅកម្ពុជាក្នុងឧស្សាហកម្ម យានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក Doo​Yeun Lee បានកត់សម្គាល់ឃើញថា កម្ពុជាមានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគ ផលិតគ្រឿងបន្លាស់រថយន្ត។

បន្ថែមលើនេះ លោកបានចែករំលែកនូវទស្សនៈ មួយចំនួនសំដៅចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ។

លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក​ ហើយក៏បានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន៕


ចែករំលែក