ដោយៈ ជេស៊ីកា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វ៉ិនប៊ិញបានហៅវេទិកានៃកិច្ចសហប្រតិតបត្តិការឡានឆាង មេគង្គរវាងកម្ពុជា ចិនជា “វេទិកាមាស”។
លោកបានសរសើរលើបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួន កាលពីថ្ងៃទី៤ មិថុនាថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់ភាគីកម្ពុជាលើគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកបន្តថា ចំនួនគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងចិន-កម្ពុជា បានឈានដល់ចំនួន១១៣គម្រោង ដែលគ្របដណ្តប់លើវិស័យជាច្រើនមានដូចជា ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍបៃតង និងការផ្លាស់ប្តូរឌីជីថល ដែលបង្ហាញយ៉ាងច្បាស់ ពីមនោសញ្ចេតនាមិត្តភាព របស់ប្រទេសឡានឆាង-មេគង្គ ក្រោមពាក្យស្លោកមួយពោលថា “ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ”។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសឡានឆាង-មេគង្គទាំងប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបានលទ្ធផលផ្លែផ្កា និងបានក្លាយជា “វេទិកាមាស” សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។
ភាគីចិនរីករាយក្នុងការសហការគ្នា ជាមួយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកនូវ “ទសវត្សរ៍មាស” ថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ ផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជននៃប្រទេសទាំងប្រាំមួយ។
លោកបញ្ជាក់ថា “យើងខ្ញុំស្វាគមន៍មិត្តភក្តិកាន់តែច្រើន ដើម្បីចូលរួមក្នុងបុព្វហេតុ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”៕







