ដោយ: សហសេវិក
អន្តរជាតិ: ទឹកប្រាក់ប្រហែល៣,៧ទ្រីលានវ៉ុនដែលប្រមូលបានពីការលក់ភាគហ៊ុន និងមូលបត្របំណុលត្រូវបានប្រើប្រាស់ដើម្បីទិញផ្ទះនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ចំនួនប្រហែល៦៥ភាគរយនៃទំហំទឹកប្រាក់ខាងលើបានចូលទៅក្នុងទីផ្សារលំនៅឋានរបស់ទីក្រុងសេអ៊ូល ជាពិសេសនៅសង្កាត់ Gangnam សង្កាត់ Songpa និងសង្កាត់ Seocho។
បណ្តាវិនិយោគិនជាច្រើនកំពុងដកប្រាក់ចំណេញពីទីផ្សារភាគហ៊ុន ហើយប្រើប្រាស់ប្រាក់ទាំងនោះដើម្បីទិញអចលនទ្រព្យ។ ជាប្រពៃណី ការសម្រេចចិត្តវិនិយោគរវាងភាគហ៊ុន និងអចលនទ្រព្យ អាស្រ័យលើទីផ្សារណាដែលអ្នកវិនិយោគមើលទៅមានភាពទាក់ទាញជាង។
កាលពីឆ្នាំមុនៗ អ្នកវិនិយោគយកប្រាក់ចំណូលចន្លោះពី៣ភាគរយទៅ៥ភាគរយពីការលក់ភាគហ៊ុន និងមូលបត្របំណុលដើម្បីទិញផ្ទះដែលមានតម្លៃ១,៥ពាន់លានវ៉ុន ឬច្រើនជាងនេះ។
នៅឆ្នាំនេះ តួលេខខាងលើបានកើនឡើងដល់ចន្លោះពី៩ភាគរយទៅ១០ភាគរយ ដោយឈានដល់១៣,២ភាគរយនៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

អ្នក ដែលមានអាយុ៣០ឆ្នាំទៅ៣៩ឆ្នាំបានទិញច្រើនជាងគេ ដោយចំណាយប្រាក់ប្រហែល១,២៦ទ្រីលានវ៉ុនពីការលក់ភាគហ៊ុន និងមូលបត្របំណុល ដើម្បីទិញផ្ទះចន្លោះខែមករា និងខែមេសា។
និន្នាការនេះបង្ហាញថា ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកទឹកចិត្តដល់ការវិនិយោគលើទីផ្សារភាគហ៊ុនក៏ដោយ ក៏មនុស្សជាច្រើនបែរជាលក់ភាគហ៊ុនដើម្បីទិញអចលនទ្រព្យវិញ៕ប្រភព: Seoul Economic Daily៕







