ប្រជាជន​នៅ​កូរ៉េ​ខាងត្បូង​សម្រុក​លក់​​ភាគ​ហ៊ុន​ ដើម្បី​ប្រមូល​ប្រាក់​ទៅ​ទិញ​អចលនទ្រព្យ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទឹកប្រាក់ប្រហែល៣,៧ទ្រីលានវ៉ុនដែលប្រមូលបានពីការលក់ភាគហ៊ុន និងមូលបត្របំណុលត្រូវបានប្រើប្រាស់ដើម្បីទិញផ្ទះនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ចំនួនប្រហែល៦៥ភាគរយនៃទំហំទឹកប្រាក់ខាងលើបានចូលទៅក្នុងទីផ្សារលំនៅឋានរបស់ទីក្រុងសេអ៊ូល ជាពិសេសនៅសង្កាត់ Gangnam សង្កាត់ Songpa និងសង្កាត់ Seocho។

បណ្តាវិនិយោគិនជាច្រើនកំពុងដកប្រាក់ចំណេញពីទីផ្សារភាគហ៊ុន ហើយប្រើប្រាស់ប្រាក់ទាំងនោះដើម្បីទិញអចលនទ្រព្យ។ ជាប្រពៃណី ការសម្រេចចិត្តវិនិយោគរវាងភាគហ៊ុន និងអចលនទ្រព្យ អាស្រ័យលើទីផ្សារណាដែលអ្នកវិនិយោគមើលទៅមានភាពទាក់ទាញជាង។

កាលពីឆ្នាំមុនៗ អ្នកវិនិយោគយកប្រាក់ចំណូលចន្លោះពី៣ភាគរយទៅ៥ភាគរយពីការលក់ភាគហ៊ុន និងមូលបត្របំណុលដើម្បីទិញផ្ទះដែលមានតម្លៃ១,៥ពាន់លានវ៉ុន ឬច្រើនជាងនេះ។

នៅឆ្នាំនេះ តួលេខខាងលើបានកើនឡើងដល់ចន្លោះពី៩ភាគរយទៅ១០ភាគរយ ដោយឈានដល់១៣,២ភាគរយនៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

អ្នក ដែលមានអាយុ៣០ឆ្នាំទៅ៣៩ឆ្នាំបានទិញច្រើនជាងគេ ដោយចំណាយប្រាក់ប្រហែល១,២៦ទ្រីលានវ៉ុនពីការលក់ភាគហ៊ុន និងមូលបត្របំណុល ដើម្បីទិញផ្ទះចន្លោះខែមករា និងខែមេសា។

និន្នាការ​នេះ​បង្ហាញថា ទោះបីជា​រដ្ឋាភិបាលកូរ៉េខាងត្បូង​ដាក់ចេញ​កិច្ចខិតខំប្រឹងប្រែង​ក្នុងការលើកទឹកចិត្ត​ដល់ការវិនិយោគ​លើ​ទីផ្សារភាគហ៊ុន​ក៏ដោយ ក៏មនុស្សជាច្រើន​បែរជា​លក់ភាគហ៊ុន​ដើម្បីទិញអចលនទ្រព្យ​វិញ៕ប្រភព: Seoul Economic Daily៕


ចែករំលែក