ដោយៈ ចំណាន
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ការទិញដីជាយក្រុងដែលមានតម្លៃទាប មានឱកាសចំណេញខ្ពស់ និងច្រើនដង បើធៀបជាមួយការទិញដីនៅកណ្តាលរាជធានី ដែលមានតម្លៃខ្ពស់រួចទៅហើយ។
អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ដីជាយក្រុង ដែលមានចម្ងាយចន្លោះ៣០គីឡូម៉ែត្រ ពីកណ្តាលរាជធានី ជាដីមានឱកាសចំណេញខ្ពស់ នៅពេលសេដ្ឋកិច្ចកើនឡើងកាន់តែប្រសើរ និងមានឱកាសចំណេញច្រើនដង។
អ្នកឧកញ៉ាបញ្ជាក់ថា “ការទិញដីនៅកណ្តាលរាជធានី មិនសូវមានផលចំណេញខ្ពស់ទេ ដោយសារដីឡើងថ្លៃខ្ពស់រួចទៅហើយ តែដីជាយក្រុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ នឹងមានឱកាសចំណេញច្រើនដង”។
អ្នកឧកញ៉ាសំ សុខនឿនបានពន្យល់ថា ការសម្រេចចិត្តវិនិយោគដីនាឱកាសនេះ មានអត្រាចំណេញ និងជាឱកាស ដោយសារមានដីលក់ច្រើន ដែលធ្វើឲ្យអ្នកវិនិយោគអាចជ្រើសរើសបានច្រើន និងទិញបានតម្លៃល្អ ទាបជាងទីផ្សារ។

អ្នកឧកញ៉ាបន្តថា គោលបំណងដែលលោកទិញដីច្រើននៅជាយក្រុង មានដូចជា ទី១ រង់ចាំឱកាសចំណេញនាពេលអនាគត ទី២ សម្រាប់អភិវឌ្ឍន៍បុរីនាពេលខាងមុខ ព្រោះអ្នកអភិវឌ្ឈន៍ធំៗតែងតែទិញដីនៅជាយក្រុងដែលមានតម្លៃទាប សម្រាប់អភិវឌ្ឍន៍គំរោងរបស់ពួកគេនាពេលអនាគត និងទី៣ សម្រាប់សាងសង់រោងចក្រ តំបន់ឧស្សាហកម្មជាដើម ព្រោះនៅពេលមានអ្នកវិនិយោគបរទេសចូលមក ពួកគេត្រូវការដី យើងមានដីសម្រាប់លក់ ឬសាងសង់រោងចក្រសំរាប់សហការជាមួយពួកគេ។
អ្នកឧកញ៉ាសំ សុខនឿនបានបន្តទៀតថា ពិតហើយស្ថានភាព បច្ចុប្បន្នទីផ្សារដីធ្លី មានសភាពស្ងប់ស្ងាត់ច្រើន ដែលនេះជានិន្នាការទូទៅក្នុងទីផ្សារដីធ្លី តែងតែមានឡើងចុះជារឿងធម្មតា។
អ្នកឧកញ៉ាបញ្ជាក់ថា “នៅពេលមនុស្សជាច្រើនបារម្ភ វាជាឱកាសសម្រាប់ការទិញដីយកផលចំណេញ និងបង្កើតឱកាសសម្រាប់អនាគត”៕







