តម្លៃផ្ទះថ្មីនៅប្រទេសចិនធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា ខណៈវិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ ដោយសារតម្រូវការធ្លាក់ចុះ ទោះបីជាទីក្រុងធំៗបានបង្ហាញសញ្ញានៃស្ថិរភាពយ៉ាងណាក្តី។

តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,២ភាគរយក្នុងខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយក្នុងខែមេសា។ នេះបើយោងតាមការគណនារបស់កាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិនៃប្រទេសចិន។

បើគិតលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះនៅក្នុងខែឧសភាបានធ្លាក់ចុះ៣,៥ភាគរយ ស្មើគ្នានឹងការធ្លាក់ចុះនៅក្នុងខែមេសា។

ការថយចុះនៃតម្លៃ​​ផ្ទះបានជះផលប៉ះពាល់ដល់ក្តីសង្ឃឹម​ថា វិស័យ​អចលនទ្រព្យ ដែលធ្លាប់​គ្របដណ្តប់ចំណែក​ប្រហែល​មួយភាគបួន​នៃ​សេដ្ឋកិច្ចចិន កំពុងតែ​ជិត​ងើបឡើងវិញ បន្ទាប់ពី​ដាំក្បាលចុះ​ជិត​៥ឆ្នាំ។

វិបត្តិនេះមិនត្រឹមតែជះផលប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែ វិបត្តិនេះក៏បានជះផលអវិជ្ជមានសម្រាប់ម៉ាស៊ីនកំណើនសេដ្ឋកិច្ចចិនផងដែរ ដោយកាត់បន្ថយទំនុកចិត្ត និងការចំណាយរបស់អ្នកប្រើប្រាស់។

ប៉ុន្តែ លោក Zhang Dawei អ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានអះអាងថា រយៈពេលនៃការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃផ្ទះនៅទូទាំងប្រទេសចិនបានកន្លងផុតទៅហើយ ហើយទីផ្សារមិនប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះយ៉ាងគំហុកទៀតនោះទេ។

លោក Zhang បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនឹងមានភាពខុសគ្នា អាស្រ័យទៅលើទីក្រុងលំដាប់ទី១ ទីក្រុងលំដាប់ទីពីរ និងទីក្រុងលំដាប់ទី៣។

តម្លៃ​នៅ​តាម​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន ដូចជាទីក្រុង​សៀងហៃ ទីក្រុងសិនជិន និង​ក្វាងចូវបាន​កើនឡើង០,២ភាគរយក្នុង​ខែឧសភា បន្ទាប់​ពី​កើនឡើង០,១ភាគរយក្នុង​ខែមេសា។ ​តម្លៃផ្ទះ​នៅ​តាម​ទីក្រុង​តូចៗបាន​បន្ត​ធ្លាក់ចុះ​ក្នុង​ខែឧសភា៕ប្រភព: Reuters៕


ចែករំលែក