បណ្តា​ប្រទេស​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​ អាស៊ី​ចាប់ផ្តើម​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ វិនិយោគិន​របស់​ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​ របស់​សាធារណរដ្ឋ​បេ​ឡា​រុស​ នឹង​មក​សិក្សា​ស្វែង​ឪកាស​វិនិយោគ​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​ទាប​នៅឡើយ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ Vlafimir​ Goshin​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​បេឡា​រុ​សប្រ​ចាំ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ប្រទេស​បេ​ឡា​រុស​ មក​ប្រទេស​កម្ពុជា​ ដើម្បី​មក​សិក្សា​ស្វែងយល់​ពី​បរិយាកាស​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ អោយ​បាន​កាន់តែ​ច្បាស់លាស់​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​លើក​ឡើ​លោក​ឯកអគ្គ​រដ្ឋទូត​ ក្នុង​ការដឹកនាំ​ធុរជន​ប្រទេស​បេ​ឡា​រុស​ មកកាន់​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​ ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​បេ​ឡា​រុស​ វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម​ ដូចជា​ការ​ដាំដុះ​ និង​ការបង្កើត​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​ និង​ជម្រុ​ញឲ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ ព្រោះ​កម្ពុជា​មាន​វិស័យ​ទេសចរណ៍​ ដែល​មាន​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ផង​ដែរ​ ដែល​សុទ្ធតែ​ជា​ វិស័យ​មាន​សក្តា​នុ​ពល​នៅ​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បញ្ជាក់​ថា​ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​បេ​ឡា​រុស​ មានត្រឹមតែ៦លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ដូច្នេះហើយ​បាន​ជាឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​បេឡា​រុ​សប្រ​ចាំ​កម្ពុជា​ គ្រោង​នឹង​ដឹកនាំ​ប្រតិភូ​ពាណិជ្ជ​ករបស់​ប្រទេស​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​ តែ​មិនទាន់​កំណត់ពេលវេលា​ជាក់លាក់​នោះ​ទេ​ ។

លោក​បន្ត​ថា​ “ទីផ្សារ​នៃ​ប្រទេស​បេ​ឡា​រុស​ គឺ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​នេះ​ ជាស​មា​ជិ​ករបស់​សមាជិក​សភាព​សេដ្ឋកិច្ច​អឺរ៉ុប​ អាស៊ី​ ដែល​មាន៥ប្រទេស​ជាស​មា​ជិ​ក រួមមាន​ សហភាព​រុស្ស៊ី​ សាធារណៈ​រដ្ឋ​បេ​ឡា​រុស​ សាធារណៈ​រដ្ឋ​កាហ្សាក់ស្ថាន​ សាធារណៈ​រដ្ឋ​មេ​នី​ និង​សាធារណៈ​រដ្ឋ​កៀហ្ស៊ី​ស៊ី​ស្ថាន​ ដែល​អនុញ្ញាត​កម្ពុជា​នាំ​ផលិតផល​ជាង៤ពាន់​មុខ​ ក្នុង​នោះ​ទំនិញ​មួយចំនួន​ គឺ​កម្ពុជា​អាច​នាំចេញ​ដោយ​រួច​ពន្ឋ​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here