ចិន​គ្រោង​វិនិយោគ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​-អង្ករ​នៅ​កម្ពុជា​

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំពេញ​៖ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណាន់​ បាន​បង្ហាញ​ចេតនា​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​-អង្ករ​នៅក្នុង​ប្រទស​កម្ពុជា​ ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ជាតិ​ ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ​ និង​កាត់​បន្ថយ​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

រូបភាពកិច្ចប្រជុំ

នៅក្នុង​ជំនួប​ជាមួយ​ លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​រសៀល​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៩​ លោក​BI​ Guangmin​ ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន​ Henan​ Yuguang​ International​ Economic​ &​Technical​ Cooperation​ បាន​ប្រាប់​រដ្ឋមន្ត្រី​អំពី​សាវ​តា​ និង​ គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ និង​ឡសម្ងួត​ ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​សើម​ រហូតដល់​ទៅ ១៣ពាន់​តោន​ក្នុង​មួយថ្ងៃ​ ហើយ​អាច​ស្តុក​ស្រូវ​-អង្ករ​ស្ងួត​បាន​ដល់ទៅ១លាន​តោន​។

លោក​ BI​ Guangmin​ បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​លោក​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ នៅក្នុង​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ផលិត​ស្រូវ​-អង្ករ​ ហើយ​នៅពេល​ការសាងសង់​បញ្ចប់​ នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ៥០ម៉ឺន​តោន​។ លោក​ប្រធាន​ក្រុមប្រឹក្សា​រូប​នេះ​ ក៏បាន​ស្នើសុំ​គាំទ្រ​ និង​អនុសាសន៍​បន្ថែម​ ពីរ​ដ្ឋ​មន្ត្រី​ ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ និង​ឡសម្ងួត​នេះ​ អាច​អនុវត្តន៍​បាន​ក្នុង​ពេល​ឆាប់​ៗ។

ជា​ការ​ឆ្លើយតប​ លោក​ប៉ាន​ សូរ​ស័ក្តិ​ បាន​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ ចំពោះ​គម្រោង​ខាងលើ​ និង​បាន​ជម្រាប​ជូន​ភាគី​ចិន​ អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-អង្ករ​ ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​អតិបរិមា​។

លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ សហការ​ជាមួយ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដ ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម​ និង​សាងសង់​ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-ចិន​ ព្រមទាំង​កិច្ច​ព្រមព្រៀង​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការគ្រប់គ្រង​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ និង​ការថែទាំ​គម្រោង​ ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​។

ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍

កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ដែល​ក្នុង​នោះ​ភាគី​កម្ពុជា​ តំណាងដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ខណៈ​ភាគី​ចិន​តំណាងដោយ​ក្រុមហ៊ុន​ Henan​ Yuguang​ International​ Economic​ &​ Technical​ Cooperation​, ធនាគារ​នីហរ័ណ​-អាហរ័ណ​ចិន​ និង​ក្រុមហ៊ុន​ស៊ី​ទី​កហ្គ្រុប​។ នៅក្នុង​អនុស្សរណៈ​ ក្រុមហ៊ុន​ Henan​ Yuguang​ International​ Economic​ &​ Technical​ Cooperation​ នឹង​ទទួលការ​ងារ​សាងសង់​ឡសម្ងួត​ និង​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ នៅក្នុង​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here