ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងតូក្យូកំពុងជំរុញការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យនៅតំបន់កណ្តាលក្រុង ដោយផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍ ប្រសិនបើពួកគេសាងសង់អាផាតមិនដែលមានតម្លៃជួលទាបជាងតម្លៃទីផ្សារប្រហែល២០%។
ក្រោមកម្មវិធីលើកទឹកចិត្តនេះ បណ្តាអ្នកអភិវឌ្ឍន៍អាចសាងសង់គម្រោងធំៗ ដោយទទួលបានការដំឡើងសមាមាត្ររវាងទំហំផ្ទៃក្រឡា សរុបនៃអគារ និងទំហំដីឡូតិ៍ (FAR)។
តួយ៉ាង ក្រុមហ៊ុន Sumitomo Realty & Development គ្រោងសាងសង់អគារអាផាតមុិនចំនួនពីរនៅក្នុងតំបន់ Tsukiji នៅឆ្នាំ ២០៣២ និងគ្រោងបង្កើតលំនៅឋានមានតម្លៃសមរម្យប្រហែល៥០យូនីត។ សមាមាត្រ FAR នឹងកើនឡើងពី៦០០ភាគរយដល់ប្រហែល ១៣៥០ភាគរយ។
ទីក្រុងតូក្យូក៏កំពុងពិចារណាលើកម្មវិធីលើកទឹកចិត្តស្រដៀងគ្នានេះសម្រាប់គម្រោងខុនដូ ហើយបានដាក់ឱ្យដំណើរការមូលនិធិសាធារណៈ-ឯកជនតម្លៃជាង ២០ ពាន់លានយ៉េន (១២៤លានដុល្លារ) ដើម្បីផ្គត់ផ្គង់លំនៅឋានមានតម្លៃសមរម្យចំនួន ៣៥០ យូនីត។

ចំណាត់ការនេះកើតឡើង ស្របពេលដែលតម្លៃជួលបន្តកើនឡើង។ តម្លៃជួលខុនដូជាមធ្យមទូទាំងសង្កាត់ចំនួន២៣ នៃទីក្រុងតូក្យូបានកើនឡើងប្រហែល៨ភាគរយធៀបនឹងឆ្នាំមុនក្នុងខែឧសភា ដល់ ៥.០៧៨ យ៉េនក្នុងមួយម៉ែត្រការ៉េ។
រដ្ឋាភិបាលជប៉ុនក៏កំពុងលើកទឹកចិត្តដល់ការជួសជុលផ្ទះទំនេរដែលស្ថិតនៅឆ្ងាយពីកណ្តាលទីក្រុងតូក្យូ ដើម្បីជួយបង្កើនការផ្គត់ផ្គង់លំនៅឋាន និងបន្ធូរបន្ថយសម្ពាធនៃការជួល៕ប្រភព: Nikkei Asia៕







