ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថាប័នជាតិធំៗចំនួនពីរ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីប្រមូល ទិន្នន័យ ដើម្បីឈានទៅស្វែងរកការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងកំនើនរ៉ឹងមាំឡើងវិញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានជួបជាមួយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៣ ឧសភាកន្លងមកនេះដើម្បី បើកកិច្ចពិភាក្សាគ្នា ដើម្បីប្រមូលទិន្នន័យជាឯកសារ សម្រាប់ការស្រាវជ្រាវបឋមលើគម្រោង ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
-->
កិច្ចប្រជុំពិភាក្សានេះបានផ្តោតលើកិច្ចពិភាក្សា មួយចំនួនដូចជា៖ បញ្ហាសហគមន៍ទេសចរណ៍, បញ្ហាធនធានមនុស្ស និងការបណ្តុះបណ្តាល, បញ្ហាដឹកជញ្ជូន, បញ្ហាម្ហូបអាហារ, បញ្ហាទីផ្សារនិងការផ្សព្វផ្សាយ, បញ្ហាស្តង់ដារទេសចរណ៍, បញ្ហាអនាម័យនិងសំរាម បញ្ហាទីក្រុងស្អាត និងទីក្រុងទំនើប។
លោកបណ្ឌិត សុខ ទូច បានថ្លែងថា ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ លោកនឹងយកនូវអ្វីដែលក្រសួងទេចរណ៍បានធ្វើកន្លងមក ដើម្បីសិក្សាស្វែងយល់បន្ថែម ដើម្បីផ្តល់ងាយស្រួលរកធាតុចូល ព្រមទាំងគាំទ្រចំណុចយុទ្ធសាស្ត្រនានា ដែលក្រសួងបានដាក់ចេញ ដែលជាចំណុចសំខាន់ក្នុងកិច្ចការចូលរួមដំណើរការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ដោយទាក់ទាញទេសចរណ៍អន្តរជាតិឱ្យបាន១៥លាននាក់ មកទស្សនាកម្ពុជា។
លោកបន្តថា “កត្តាទាំងនេះក្រសួងទេចរណ៍ត្រូវដាក់នូវផែនការណាមួយ ដើម្បីទទួលបានចំនួនទេសចរណ៍ ប្រកបដោយគុណភាព ភាពទាក់ទាញ ហើយផលប្រយោជន៍ដែលទទួលបានពីវិស័យទេសចរណ៍ ត្រូវតែចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍភាពក្រីក្រផងដែរ”។
ប្រធានរាជបណ្ឌិតសភាកម្ពុជា ក៏បានស្នើសុំដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា បើអាចរាជបណ្ឌិត្យសភា បើកសាលាបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នា លើវិស័យទេសចរណ៍ ដោយរកដៃគូជាមួយប្រទេសសិង្ហបុរី ព្រមទាំងផ្តល់ការគាំទ្រដល់ក្រសួងទេសចរណ៍ផងដែរ ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជា មានវិទ្យាស្ថានខុងជឺ ដែលមានជំនាញក្នុងការបណ្តុះបណ្តាលភាសាចិន ដើម្បីសហការជាមួយក្រសួង និងរៀបចំបកប្រែឯកសារមួយចំនួនជាភាសាចិនដល់ភ្ញៀវទេសចរផងដែរ។

លោកថោង ខុន បានថ្លែងថា ក្រសួងទេសចរណ៍ មានផែនការយុទ្ធសាស្ត្រកំណត់ច្បាស់លាស់ ហើយជាពិសេស គឺផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដែលបានកំណត់ជាមុំអាទិភាពទាំង៤ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ដែលមានកាលានុវឌ្ឍភាព ការពង្រឹងគុណភាពតាមយុទ្ធនាការសេវាមួយ ស្តង់ដារមួយ ការពង្រឹងគុណភាពធនធានមនុស្ស តាមរយៈបុគ្គលម្នាក់ជំនាញមួយ និងការជំរុញការអភិវឌ្ឍទេសចរណ៍វៃឆ្លាតផងដែរ៕