ស្ថាប័ន​ពីរ​រួមគ្នា​ប្រមូល​ទិន្នន័យ​សម្រាប់​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​

0

ដោយ​ នៅ​ វឌ្ឈ​នា​

ភ្នំពេញ៖​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ជា​តិ​ធំៗ​ចំនួន​ពីរ​ បាន​និង​កំពុងធ្វើការ​រួមគ្នា​ ដើម្បី​ប្រមូល​ ទិន្នន័យ​ ដើម្បី​ឈាន​ទៅ​ស្វែងរក​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ប្រកបដោយ​និរន្តរភាព​ និង​កំនើ​នរ៉ឹង​មាំ​ឡើងវិញ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ បាន​ជួប​ជាមួយ​លោក​បណ្ឌិតសភា​ចារ្យ​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ថ្ងៃទី២៣​ ឧសភា​កន្លងមក​នេះ​ដើម្បី​ បើក​កិច្ចពិភាក្សា​គ្នា​ ដើម្បី​ប្រមូល​ទិន្នន័យ​ជាឯក​សារ​ សម្រាប់​ការ​ស្រាវជ្រាវ​បឋម​លើ​គម្រោង​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ផ្តោត​លើ​កិច្ចពិភាក្សា​ មួយចំនួន​ដូចជា​៖ បញ្ហា​សហគមន៍​ទេសចរណ៍​, បញ្ហា​ធនធានមនុស្ស​ និង​ការ​បណ្តុះបណ្តាល​, បញ្ហា​ដឹកជញ្ជូន​, បញ្ហា​ម្ហូបអាហារ​, បញ្ហា​ទីផ្សារ​និង​ការ​ផ្សព្វផ្សាយ​, បញ្ហា​ស្តង់ដារ​ទេសចរណ៍​, បញ្ហា​អនាម័យ​និង​សំរាម​ បញ្ហា​ទីក្រុង​ស្អាត​ និង​ទីក្រុង​ទំនើប​។

លោក​បណ្ឌិត​ សុខ​ ទូច​ បាន​ថ្លែង​ថា​ ក្នុងនាម​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ លោក​នឹង​យក​នូវ​អ្វី​ដែល​ក្រសួង​ទេ​ចរណ៍​បាន​ធ្វើកន្លង​មក​ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ ដើម្បី​ផ្តល់​ងាយស្រួល​រក​ធាតុ​ចូល​ ព្រមទាំង​គាំទ្រ​ចំណុច​យុទ្ធសាស្ត្រ​នានា​ ដែល​ក្រសួង​បាន​ដាក់ចេញ​ ដែល​ជា​ចំណុច​សំខាន់​ក្នុង​កិច្ចការ​ចូលរួម​ដំណើរការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ស្របតាម​ចក្ខុវិស័យ​ឆ្នាំ២០៣០ដោយ​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​បាន១៥លាន​នាក់​ មក​ទស្សនា​កម្ពុជា​។

លោក​បន្ត​ថា​ “កត្តា​ទាំងនេះ​ក្រសួង​ទេ​ចរណ៍​ត្រូវ​ដាក់​នូវ​ផែនការ​ណាមួយ​ ដើម្បី​ទទួល​បាន​ចំនួន​ទេសចរណ៍​ ប្រកបដោយ​គុណភាព​ ភាព​ទាក់ទាញ​ ហើយ​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ ត្រូវតែ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍភាព​ក្រីក្រ​ផង​ដែរ​”។

ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​ ក៏បាន​ស្នើសុំ​ដល់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា​ បើ​អាច​រាជបណ្ឌិត្យ​សភា​ បើក​សាលា​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួមគ្នា​ លើ​វិស័យ​ទេសចរណ៍​ ដោយ​រក​ដៃគូ​ជាមួយ​ប្រទេស​សិង្ហបុរី​ ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រសួងទេសចរណ៍​ផង​ដែរ​ ដោយសារតែ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ មាន​វិទ្យាស្ថាន​ខុងជឺ​ ដែល​មាន​ជំនាញ​ក្នុង​ការ​បណ្តុះបណ្តាល​ភាសា​ចិន​ ដើម្បី​សហការ​ជាមួយ​ក្រសួង​ និង​រៀបចំ​បកប្រែ​ឯកសារ​មួយចំនួន​ជា​ភាសា​ចិន​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​ថោង​ ខុន​ បាន​ថ្លែង​ថា​ ក្រសួងទេសចរណ៍​ មាន​ផែនការ​យុទ្ធសាស្ត្រ​កំណត់​ច្បាស់លាស់​ ហើយ​ជាពិសេស​ គឺ​ផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ដែល​បាន​កំណត់​ជា​មុំ​អាទិភាព​ទាំង៤​ និង​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដែល​មាន​កា​លានុ​វឌ្ឍ​ភាព​ ការ​ពង្រឹងគុណភាព​តាម​យុទ្ធនាការ​សេវា​មួយ​ ស្តង់ដារ​មួយ​ ការ​ពង្រឹងគុណភាព​ធនធានមនុស្ស​ តាមរយៈ​បុគ្គល​ម្នាក់​ជំនាញ​មួយ​ និង​ការជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​វៃឆ្លាត​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here