ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ ព្រោះវាជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប។
ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាប សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ ដោយលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិ។
លោកបន្តថា “គេធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាប ក៏មានដើមកោងកាងទឹកសាប ដុះជាច្រើនជិត១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើថែរក្សាបានយ៉ាងល្អ”។ លោកបញ្ជាក់ថា នេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាបអង្គរនេះ”។

សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែល ធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ១០២២ ហិកតា ក្នុងនោះ មានផ្ទៃដីកោងកាងសរុបប្រមាណ៩៨ហិកតា (ប្រហែល១០% នៃផ្ទៃដីសរុប)។
ទោះបីខេត្តសៀមរាបល្បីល្បាញ លើសកលលោកថាជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌក្តី ក៏មនុស្សភាគច្រើនមិនសូវបានដឹងឡើយថា ខេត្តនេះក៏ជាទីតាំងដ៏សំខាន់ នៃធនធានធម្មជាតិដ៏មានតម្លៃមួយដែរ។
សហគមន៍ទឹកជប់ខ្នារពោធិ៍ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលភ្ញៀវទេសចរអាចធ្វើដំណើរ ទៅទស្សនាតំបន់អេកូទេសចរណ៍នេះ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩។
ការដើរលើស្ពានឈើពត់បែន កាត់តាមព្រៃកោងកាងដែលមានដើមខ្ពស់ៗ ប្រហែលជាង១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយ។ ក្រៅពីទេសចរណ៍ធម្មជាតិ ក៏មានរៀបចំ តូបអាហារ និងផលិតផលសហគមន៍ ដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលផងដែរ៕







