រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ម៉ារ៉ុកពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់កម្ពុជាជាមួយតំបន់អាហ្រិកខាងជើង

0

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ រដ្ឋមន្រ្តីទេសចរណ៍ប្រទេសទាំងពីរ គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍រវាងកម្ពុជា និងម៉ារ៉ុក ក៏ដូចជាតំបន់អាហ្រ្វិកខាងជើង។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុង ឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ បានចូលរួមមហាសន្និបាតអង្គការទេស​ចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកស្រី Fatim-Zahra Ammor រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក និងសហការី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ភាគីទាំងពីរ បានឯកភាពពន្លឿន ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍នាពេលខាងមុខ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការបង្កើតផែនការសកម្មភាពអនុវត្តជាក់ស្តែង ការបង្កើតក្រុមការងារបច្ចេកទេស រួមទាំងការបង្កើនសកម្មភាពជំរុញ ការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេ​សទាំងពីរ ការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើរ និងទេសចរនៃប្រជាជនប្រទេសទាំងពីរ ជាពិសេសគឺក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រម៉ារ៉ុក ក៏ជាសមាជិកអង្គការពិភពលោកនេះដែរ។

តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារ ទៅកាន់តំបន់អាហ្វ្រិកខាងជើង ពង្រីក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការបង្កើតផលិតផលទេសច​រណ៍ ដែលមានតម្លៃបន្ថែម ព្រមទាំងកាលានុវត្តភាព វិនិយោញទេ​សចរណ៍ ទៅកាន់ទីផ្សារដ៏ធំមួយទៀតនៅតំបន់ Maghreb (ភាគខាងជើងនៃទ្វីបអាហ្រ្វិក) ដែលមានប្រជាជនជាង៤០លាននាក់ ឈរលេខរៀងទី៤១លើពិភពលោក ដោយបច្ចុប្បន្នការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសម៉ារ៉ុក មានភាពងាយស្រួល ជាមួយជើងហោះត្រង់ពីទីក្រុងអ៊ីស្តាន់ប៊ុលមករាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here