វិនិយោគិន​ចិន​ធំៗ​ជាង​ ១០០នាក់​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

0

​ដោយ​ ៖ វុត្ថា​

ភ្នំពេញ​ ៖ ជាមួយនឹង​លំហូរ​នៃ​បណ្តា​ក្រុមហ៊ុន​ចិន​ធំៗ​កំពុង​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ ជាមួយ​ការ​ទទួល​បានផល​វិជ្ជមាន​នោះ​ កាលពី​ថ្ងៃម្សិលមិញ​នេះ​ មាន​ វិនិយោគិន​ និង​ធុរជន​ចិន​ប្រមាណ​ជាង​ ១០០នាក់​ទៀត​ ដែល​មក​ពីរ​ដ្ឋ​ធានី​ប៉េកាំង​ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ (នាគ​អាស៊ី​)។

នៅក្នុង​កិច្ច​ជំនួប​ស្វាគមន៍​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​ថ្លែងអំណរគុណ​ និង​សម្ដែង​ការ​រាក់ទាក់​ចំពោះ​គណៈប្រតិភូ​វិនិយោគ​ហុងកុង​ និង​ប៉េកាំង​ ដែល​ដឹកនាំ​ដោយ​លោក​ Peter​ Wong​ នាយក​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាងត្បូង​ និង​លោក​ Li​ Hengqing​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង​ និង​បណ្តា​វិនិយោគិន​នៅ​កម្ពុជា​ ដោយ​បញ្ជាក់​ថា​ នេះ​គឺជា​ជំនួប​លើក​ទី២​ បន្ទាប់ពី​ជំនួប​លើក​ទី១​ ខែ្ស​ក្រវាត់​ និង​ផ្លូវ​ ស្តី​ពី​កិច្ចពិភាក្សា​តុមូល​លើ​ការ​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា​ ដោយ​ទទួល​បាន​ជោគជ័យ​នៅ​ទីក្រុង​ហុងកុង​កន្លងមក​។

លោក​បាន​ថ្លែង​បន្ត​ថា​ ៖ «ឆ្នាំនេះ​មិន​ត្រឹមតែ​ជា​ឆ្នាំ​ពិសេស​សម្រាប់​ខួប​ ៦១ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​ចិន​ប៉ុណ្ណោះទេ​ តែ​ក៏​ជា​ឆ្នាំ​ប្រកាស​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។ កម្ពុជា​មាន​ផែនការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ជាង​ ៧លាន​នាក់​ នៅ​ឆ្នាំ២០២០​ (ក្នុង​នោះ​ទេសចរ​ចិន​ប្រមាណ​ ៣លាន​នាក់​) »។

ជាមួយគ្នា​នេះ​ លោក​ ថោង​ ខុន​ ក៏បាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន​មក​ពីទី​ក្រុង​ហុងកុង​ និង​ប៉េកាំង​ ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ពិសេស​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ដោយ​ឈរ​លើ​គោលការណ៍​ស្អាត​បៃតង​ ការ​ច្នៃប្រឌិត​ (Creative​) និង​និ​វានុ​វត្តន៍​ (Innovative​ ) ក្នុង​យុគ​សម័យ​ឌីជីថលូ​បនី​យក​ម្ម​ (Digitalization​) ។

ភាគីចិន និងកម្ពុជាថតរូបអនុស្សាវរីយ៍។ រូបថត៖ សការី

ជា​លទ្ធផល​នៃ​កិច្ច​ជំនួប​ជា​ដៃគូ​វិនិយោគ​ពី​ក្រុង​ហុងកុង​ និង​ក្រុង​ប៉េកាំង​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ និង​ជឿជាក់​លើ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ជាពិសេស​វិស័យ​ទេសចរណ៍​ ដោយ​ពួកគេ​បាន​សម្ដែង​នូវ​ឆន្ទៈ​ពិត​ចេញពី​បេះដូង​លើ​ស្ថានភាព​រីកចម្រើន​របស់​កម្ពុជា​ សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ និង​បាន​សន្យា​ជួយ​សិក្សា​លទ្ធភាព​រៀបចំ​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​ ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទេសចរណ៍​បៃតង​ និង​ឆ្លាតវៃ​ (Green​ &​ Smart​ Tourism​ City​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here