ខេត្តកណ្តាល​ត្រៀម​បោះ​ឆ្នោត​ជ្រើស​រើស​ការិយាល័យ​សភាពាណិជ្ជកម្ម​ខេត្តកណ្តាល​ អាណត្តិទី១ ​លើកទី១​

ចែករំលែក

ដោយៈ ចំណាន

កណ្តាលៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វ​ផ្សា​យ បើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្តាល អាណត្តិទី១ លើកទី១។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកខុន សេរីរដ្ឋា បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើឱ្យការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តកណ្តាល សម្រាប់អាណត្តិទី១ លើកទី១នេះ ដំណើរការទៅដោយមានភាពជោគជ័យ និងជាការផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ មានការចាប់អារម្មណ៍ក្នុងការចូលរួមជាបេក្ខភាព ឬចង់ស្វែងយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃការចូលជា សមាជិកនៃសភាពាណិជ្ជកម្មបានកាន់តែច្រើនឡើងផងដែរ។

ចំណែកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងផងដែរអំពីសារៈសំខាន់ នៃសភាពាណិជ្ជកម្មខេត្ត ដែលជាតំណាងឱ្យសំឡេងរបស់វិស័យឯកជន ក្នុងការសហការជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ឬអាជ្ញាធរដែនដី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខេត្តកណ្ដាលទាំងមូល។

លោកឧកញ៉ាបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យបោះឆ្នោតនាថ្ងៃនេះ នឹងជួយឱ្យដំណើ​រការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្ដាល អាណត្តិទី១ លើកទី១ នឹងប្រព្រឹត្តទៅដោយរលូនក្រោមស្មារតីសាមគ្គីភាព ទទួលខុសត្រូវ និងប្រកប​ដោយ​លទ្ធផលល្អ។

ថ្លែងនៅក្នុងពិធីនេះដែរ លោកម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល ការចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ការផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។

បន្ថែមពីលើនេះ លោកម៉ៅ ថូរ៉ា បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជន ដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សភាពាណិជ្ជកម្មខេត្តកណ្តាល ត្រូវបានបំបែកចេញពីសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល -កំពង់ឆ្នាំង ដើម្បីធ្វើសកម្មភាពជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួន បានកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ ការទទួលពាក្យចុះឈ្មោះអ្នកចូលរួមបោះឆ្នោត និងបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសតាំង នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បិទបញ្ជីឈ្មោះត្រឹមម៉ោង១៧:០០ល្ងាច។សម្រាប់កម្មវិធីបោះឆ្នោត និងប្រកា​សលទ្ធផល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ២០២៦៕


ចែករំលែក