ដំណឹងល្អៈ ​ក្រុមហ៊ុន Unilever នឹង​រៀប​ចំ​ខ្សែច្រវាក់​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

ចែករំលែក

ដោយៈ រស្មី

    ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សក្នុងតំបន់Unilever បានប្រកាសពីផែនការពង្រីក ការរៀបចំផលិតកម្មនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ និងថ្នាក់ដឹកនាំក្រុមហ៊ុន Unilever (Cambodia) Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន យូនីលឹវើ ដែលជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនឿទុកចិត្ត មកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មប្រតិបត្តិការធុរកិច្ចនៅកម្ពុជា អស់រយៈពេលជិត២៣ឆ្នាំកន្លងមកនេះ ដោយផ្តល់នូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាព ដល់អ្នកប្រើប្រាស់ជាច្រើន តាមរយៈជម្រើសច្រើនមុខ និងទំនិញ​សំបូរបែបនៅលើទីផ្សារកម្ពុជា។

នាកិច្ចជំនួបនោះ លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានជម្រាបជូនអំពីវឌ្ឍនភាព សមិទ្ធផល និងការសម្រេចនូវពិពិធកម្មប្រភពនាំចូល ដើម្បីបង្កើនបរិមាណបំពេញបន្ថែមផ្គត់ផ្គង់ តម្រូវការ ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈការរៀបចំខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ

ក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសពង្រឹងការអនុវត្ត និងអនុលោមតាមច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងការប្រកួតប្រជែង និងបរិយាកាសធុរកិច្ចស្មើភាព។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយូនីលឹវើក នឹងបន្តពង្រីក និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន ជាពិសេសក្នុងការផលិតមុខទំនិញ មួយចំនួននៅកម្ពុជាដោយផ្ទាល់ ដើម្បីបង្កើតភាពសម្បូរបែប និងជម្រើសសម្រាប់ការប្រើប្រាស់ កាន់តែច្រើនសម្រាប់អតិថិជនកម្ពុជា៕