គំរោង​វិនិយោគ​តម្លៃ​៨៣​លាន​ដុល្លារអាមេរិក​បាន​ចាក់​បញ្ចូល​ក្នុង​ចរន្តសេដ្ឋកិច្ច​នៅ​ភូមិភាគឦសាន

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ៨៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី២ ៥៨៧កន្លែង។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី៥សម្រាប់គម្រោងវិនិយោគចំនួន៦ ក្រោមទុនវិនិយោគប្រមាណ៨៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។

គម្រោងទាំងនេះរួមមាន៖ ២គម្រោងនៅខេត្តរតនគិរី។២ គម្រោង នៅខេត្តមណ្ឌលគិរី។ ១គម្រោង នៅខេត្តស្ទឹងត្រែង និង១គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គម្រោ​ងដាំដុះដំណាំកៅស៊ូ និងរោងចក្រកែច្នៃជ័រកៅស៊ូ គម្រោងទេសច​រណ៍ធម្មជាតិ និង គម្រោងដំាដុះ និងរោងចក្រកែច្នៃកាហ្វេ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ ការផ្ទេរជំនាញ ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម និងត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ ។

លោកបណ្ឌិតសភាចារ្យបានបង្ហាញសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិត​កម្ម​ក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ ពង្រីកអាជីវកម្មរបស់ខ្លួន ។

ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោម​នស្ស ជាមួយនឹងការកើនឡើងជាលំដាប់ នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរ ដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម៥លានដុល្លារ ។

លោកបណ្ឌិតសភាចារ្យ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និងលេចធ្លោរបស់តំបន់ភូមិភាគឦសាន ។

បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨” កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន៦៦ គម្រោង ក្រោមទុនវិនិយោគសរុប២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន៤៥ គម្រោងក្រោមទុនវិនិយោគជាង ២០០០ លានដុល្លារអាម៉េរិក៕


ចែករំលែក