តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នៅ​កោះ​នរា​កំពុង​កើនឡើង​ ក្រោយពី​ OCIC​ គ្រោង​បង្កើត​កោះ​មាស​

1

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ បន្ទាប់ពី​មានដំណឹង​ពី​ការ​វិនិយោគ​ទីក្រុង​មាស​ នៅ​តំបន់​កោះ​នរា​ដោយក្រុម​ហ៊ុន​ OCIC​ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ បាន​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​តម្លៃ​ដី​នៅ​ទីនេះ​កំពុង​មាន​ភាព​ពុះកញ្ជ្រោល​ជា​បណ្តើរ​ៗហើយ​។

មុន​នេះ​បន្តិច​មានការ​ទម្លាយ​ព័ត៌មាន​ពី​ប្រភព​ដែល​គួរទុកចិត្ត​បាន​ថា​ នៅពេល​ខាងមុខនេះ​ តាម​ច្រាំងទន្លេ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​កោះ​នរា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ នឹង​ផុស​ឡើង​នូវ​កោះ​សិប្បនិម្មិត​ដ៏​អស្ចារ្យ​មួយ​ដោយមាន​ឈ្មោះ​ «កោះ​មាស​» ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ OCIC​ ធ្វើជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ និង​ជាទី​ក្រុង​រណប​ដ៏​លេចធ្លោ​មួយទៀត​បន្ទាប់ពី​ទីក្រុង​កោះ​ពេជ្រ​ ខណៈ​ដែល​នៅក្នុង​គម្រោង​មួយ​នេះ​ នឹង​ត្រូវ​ចាក់​ដី​បំពេញ​តាម​ច្រាំង​ចូលទន្លេ​ប្រមាណ៤០០ម៉ែត្រ​ ដែល​មាន​បណ្តោយ​ប្រមាណ២០០០ម៉ែត្រ​។

សហ​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Advance​ Real​ Estate​ លោក​ ប៉ូ​ អ៊ា​វគង់​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែឧសភា​ នេះ​ថា​ ជាទូទៅ​ នៅពេល​ដែល​មានដំណឹង​ពី​ការសិក្សា​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ តំបន់​នោះ​គឺ​រមែង​តែង​មានការ​កើនឡើង​នូវ​តម្លៃ​ដី​ជាប្រក្រតី​។ លោក​បាន​បន្ត​ថា​ ការ​ឡើង​តម្លៃ​នេះ​ មិនមែន​ជា​ការកំណត់​ដោយ​អ្នកជំនាញ​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​នៅពេល​ដែល​មានដំណឹង​ស្ដីពី​ការសិក្សា​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ ម្ចាស់​អចន​ទ្រព្យ​គាត់​តម្លើង​ថ្លៃ​ទ្រព្យ​ដោយខ្លួនឯង​បើ​ទោះជា​មិនទាន់​ច្បាស់​ការណ៍​ថា​ គម្រោង​សិក្សា​ទាំងនោះ​អាច​លេចចេញ​ជារូបរាង​ក៏ដោយ​។

​លោក​បន្ត​ថា​ “តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​កោះ​នរា​ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់​ច្រាំងទន្លេ​ ជាទូទៅ​គឺ​មានតម្លៃ​ទាប​ជាង​តំបន់​ដទៃ​ ដោយសារតែ​តំបន់​ជាប់​ច្រាំងទន្លេ​ ទទួលរង​នូវ​គ្រោះ​ហានិភ័យ​ដោយ​ការ​បាក់​ដី​ចូលទន្លេ​”។

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​ ដី​នៅ​តំបន់​ងាយ​រងគ្រោះ​នេះ​ អាច​មានតម្លៃ​ត្រឹម​ប្រមាណ៦០០ដុល្លារ​ចុះក្រោម​រហូតដល់​ត្រឹម២០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​ទាប​ជាង​នេះ​ (តាម​ទំហំ​ ទីតាំង​ និង​ស្ថានភាព​ដី​)។ ប៉ុន្តែ​បើ​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​ និង​មាន​សុវត្ថិភាព​អាច​មានតម្លៃ​ចាប់ពី៤០០​-៦០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ (ដី​ទំហំ​) ហើយ​ដី​ដែល​មាន​ទំហំ​តូច​អាច​មានតម្លៃ​ថ្លៃជាង​នេះ​។

​លោក​បាន​បញ្ជាក់​ថា​ “ប្រសិនបើ​គម្រោង​ដែល​បាន​លើកឡើង​ខាងលើ​នេះ​កើតមាន​មែន​នោះ​ តំបន់​មួយ​នឹង​នឹង​ទទួល​បាន​ឥទ្ធិពល​ល្អជា​ច្រើន​ ដែល​មានការ​អភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ ថែមទាំង​ជម្រុ​ញឱ្យ​តម្លៃ​ដី​ និង​អចលនទ្រព្យ​មានការ​កើនឡើង​កាន់តែ​ខ្លាំង​”។

លោក​ ទូច​ សំណាង​ អគ្គនាយករង​ក្រុមហ៊ុន ​OCIC​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គំរោង​កសាង​ទីក្រុង​រណប​ថ្មី​មួយ​នៅ​តំបន់​កោះ​នរា​ ពិតជា​មាន​មែន​ ហើយ​គំរោង​នេះ​ស្ថិតនៅ​ក្នុង​ដំណើរការ​រៀបចំ​និ​តិ​វិធី​នានា​ ដើម្បី​ឈាន​ទៅ​សម្រេច​សាងសង់​គំរោង​នេះ​ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ថា​ គម្រោង​នេះ​នឹង​សាងសង់​នា​ពេលណា​ឡើយ​។

លោក​បន្ត​ថា​ “គំរោង​នេះ​មាន​សណ្ឋាន​ និង​ការរៀបចំ​ស្រដៀងគ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​”។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នៃ​ការបង្កើត​កោះ​សិប្បនិម្មិត​ ដើម្បី​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​បែប​ទំនើប​ ដែល​ប្រសិទ្ធ​​នាម​ថា​ «កោះ​មាស​» ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​ មន្ត្រី​ជាន់ខ្ពស់​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភក្ដី​ បាន​មានប្រសាសន៍​ឲ្យ​ផង​ដែរ​ថា​ គម្រោង​មួយ​នេះ​លោក​ធ្លាប់​បានឮ​គេ​និយាយ​ ប៉ុន្តែ​ព័ត៌មាន​ជា​ផ្លូវការ​ ដែល​អាច​លេចចេញ​ជារូបរាង​នៅពេល​ណា​នោះ​ លោក​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា​ “រាល់​គម្រោង​អភិ​វឌ្ឍ​ផ្សេង​ៗទាំងអស់​ សុទ្ធតែ​ជា​ការចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ក៏ដូចជា​រាជ​ធា​នី​ភ្នម​ពេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​ប្រទេសជាតិ​ រាប់​ទាំង់​ការ​លើកស្ទួយ​កម្ពស់ជីវភាព​ប្រជាពលរដ្ឋ​ ក៏ដូចជា​លើកស្ទួយ​មុខ​មាត់​របស់​រាជធានី​ភ្នំពេញ​ផង​ដែរ​”។ លោក​បន្ត​ថា​ “គម្រោង​នៃ​ការ​អភិវឌ្ឍ​ទាំងអស់​ កើត​ចេញពី​ជ្រុង​មួយ​នៃ​សង្គម​ និង​ប្រទេស​​ជាតិ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីកចម្រើន​ មាន​ស្ថិរភាព​នយោបាយ​ និង​សន្តិសុខ​សង្គម​។

យ៉ាងណាក៏ដោយ​ លោក​ម៉េ​ត មាស​ភក្ដី​ បាន​សុំ​មិន​ធ្វើការ​អត្ថា​ធិប្បាយ​បញ្ជាក់​លម្អិត​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នៃ​ការបង្កើត​កោះ​សិប្បនិម្មិត​ ឬមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បែប​ទំនើប​ «កោះ​មាស​» នេះនោះ​ទេ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ វា​ជា​ព័ត៌មាន​ដែល​មិនទាន់​ជា​ផ្លូវការ​នៅឡើយ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here