ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជាគួរផ្តោតលើការបង្កើតលក្ខខណ្ឌ ឱ្យអាជីវកម្មក្នុងប្រព័ន្ធអាចរីកចម្រើន និងពង្រីកការវិនិយោគ ជាជាងរំពឹងថាអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចូលមកក្នុងប្រព័ន្ធពន្ធដារភ្លាមៗ។
នេះជាការលើកឡើងរបស់មន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងវេទិកាពន្ធដារ EuroCham Cambodia ឆ្នាំ២០២៦ ដែលបានកំណត់ថា ការធ្វើឱ្យសេដ្ឋកិច្ចមានលក្ខណៈផ្លូវការ (Economy Formalisation) គឺជាគន្លឹះសម្រាប់ពង្រីកមូលដ្ឋានពន្ធ បង្កើនទំនុកចិត្តវិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។
វេទិកានេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី២៥ ខែមិថុនា ដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) សហការជាមួយគណៈកម្មាធិការពន្ធដាររបស់ EuroCham ដោយមានការចូលរួមពីអ្នកជំនាញពន្ធដារ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីរាជរដ្ឋាភិបាល ទីប្រឹក្សាច្បាប់ និងអ្នកវិនិយោគជាង១៥០នាក់។
កម្មវិធីរួមមានវេទិកាពិភាក្សាស្តីពី ការធ្វើឱ្យសេដ្ឋកិច្ចមានលក្ខណៈផ្លូវការ វគ្គពិភាក្សាជំនាញចំនួន៤លើប្រធានបទពន្ធដារដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងពិធីប្រគល់សៀវភៅ EuroCham White Book 2027 ជូនអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងវគ្គពិភាក្សាពេលព្រឹក អ្នកចូលរួមបានលើកឡើងពីបញ្ហាប្រឈមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនៅតែជាបញ្ហាសំខាន់មួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
វេទិកាពន្ធដារ EuroCham Cambodia ឆ្នាំ២០២៦ រៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia)សហការជាមួយគណៈកម្មាធិការពន្ធដាររបស់ EuroCham។
ក្នុងកម្មវិធីនោះ ក្រុមអ្នកជំនាញបានពិភាក្សា ពីគោលនយោបាយ និងយន្តការផ្សេងៗ ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្ម ចូលក្នុងប្រព័ន្ធផ្លូវការ ដោយចាត់ទុកថា វានឹងជួយបង្កើនចំណូលពន្ធរបស់រដ្ឋ ពង្រឹងការប្រកួតប្រជែង និងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ សម្រាប់អាជីវកម្មដែលគោរពច្បាប់។
ការពិភាក្សានេះមានការចូលរួមពី លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោក ប៊ុនណា ឧត្តម មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Panayiotis Nicolaides មកពីធនាគារពិភពលោក និងលោកMartin Brisson នាយកប្រតិបត្តិ EuroCham Cambodia។
ក្រុមពិភាក្សាបានពិនិត្យ លើឧបសគ្គរចនាសម្ព័ន្ធ ដែលរារាំងការធ្វើឱ្យអាជីវកម្មចូលក្នុងប្រព័ន្ធ ព្រមទាំងលើកឡើងពីដំណោះស្រាយនានា រួមមានការធ្វើឌីជីថលូបនីយកម្មប្រព័ន្ធពន្ធដារ ការសម្រួលនីតិវិធីអនុលោមភាព និងការពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។
លោក Martin Brisson បានឱ្យដឹងថា ការកាត់បន្ថយសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការធ្វើឱ្យវិស័យផ្លូវការកាន់តែរឹងមាំ។
លោកថ្លែងថា “ចំណុចមួយដែលខ្ញុំយល់ថា មានសារៈសំខាន់ខ្លាំងក្នុងការពិភាក្សាព្រឹកនេះ គឺយើងមិនគួររំពឹងថា វិស័យក្រៅប្រព័ន្ធនឹងក្លាយជាវិស័យផ្លូវការភ្លាមៗនោះទេ”។លោកបន្ថែមថា “បញ្ហាប្រឈមពិតប្រាកដ គឺការបង្កើតលក្ខខណ្ឌឱ្យអាជីវកម្ម ក្នុងប្រព័ន្ធអាចរីកចម្រើន វិនិយោគ និងបង្កើតការងារប្រកបដោយគុណភាព។ នៅពេលសេដ្ឋកិច្ចផ្លូវការពង្រីកខ្លួន វានឹងអាចទាក់ទាញកម្មករ និងសហគ្រិនដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងវិស័យក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធជាបណ្តើរៗ”។
លោកបន្ថែមថា ការពង្រឹងសមត្ថភាពប្រកួតប្រជែង របស់អាជីវកម្មក្នុងប្រព័ន្ធ មិនមែនជាបញ្ហាដាច់ដោយឡែក ពីការដោះស្រាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ប៉ុន្តែជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការដោះស្រាយបញ្ហានេះ។
លោកស្រី ទីវ ឌីណា ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Compliance Partner បានឱ្យដឹងថា “កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា មិនមែនគ្រាន់តែជាសន្ធិសញ្ញាមួយនោះទេ ប៉ុន្តែជាស្ពានតភ្ជាប់ប្រទេសនានា លើកកម្ពស់ការវិនិយោគ និងផ្តល់ភាពច្បាស់លាស់ សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្មឆ្លងដែន”។
វគ្គពិភាក្សាផ្សេងទៀត បានផ្តោតលើស្ថានភាពអ្នកជាប់ពន្ធកម្រិតមាស (Gold Taxpayer Status) ដោយមន្ត្រីអគ្គនាយកដ្ឋានពន្ធដារបានបកស្រាយអំពីលក្ខខណ្ឌ និងការអនុវត្ត ខណៈវគ្គចុងក្រោយបានពិភាក្សាអំពីការយកពន្ធលើប្រាក់បៀវត្សនាយកក្រុមហ៊ុន និងប្រាក់លើសភាគហ៊ុន (Shareholder Premiums) ដែលជាប្រធានបទមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិ។
ក្នុងពិធីបិទកម្មវិធី លោកស្រី អ៊ុំ លីនដា អនុប្រធានគណៈកម្មាធិការពន្ធដាររបស់ EuroCham និងជាប្រធានគ្រប់គ្រងផ្នែកពន្ធដាររបស់ក្រុមហ៊ុន HEINEKEN Cambodia បានលើកឡើងថា វេទិកានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់EuroCham ក្នុងការពង្រឹងកិច្ចសន្ទនាប្រកបដោយស្ថាបនា រវាងវិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រការអភិវឌ្ឍប្រព័ន្ធពន្ធដាររបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលមានភាពច្បាស់លាស់ និងអាចព្យាករបានកាន់តែប្រសើរ។
EuroCham Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយសមាគមធុរកិច្ចបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសប្រចាំកម្ពុជា។
បច្ចុប្បន្នសភាពាណិជ្ជកម្មនេះ មានសមាជិកជាង៤៥០ និងតំណាងឱ្យប្រទេសអឺរ៉ុបចំនួន២៣ ដោយមានគោលបំណងជំរុញ និងតំណាងផលប្រយោជន៍ របស់សហគមន៍ធុរកិច្ចអឺរ៉ុប តាមរយៈកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា៕







