ADB​ ផ្តល់​កម្ចី​ ៧,៦៤លាន​ដុល្លារ​ជួយ​ទាញ​យក​អគ្គិសនី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្ត​កំពង់ឆ្នាំង​

0
រូបភាពតំណាង

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ប្រាក់កម្ចី​ចំនួន៧​,៦៤លាន​ដុល្លារ​ ដែល​បាន​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ហិរញ្ញវត្ថុ​ ដើម្បី​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​មាន​សមត្ថភាព​បង្កើត​ថាមពល​អគ្គ​សនី១០០​ មេ​ហ្គា​វ៉ាត់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។ នេះ​យោង​ចេញផ្សាយ​របស់​ ADB​ នៅ​ថ្ងៃនេះ​។

លោក​ Pradeep​ Tharakan​ អ្នកឯកទេស​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់​ ADB​ បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ “ការ​មាន​ប្រភព​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​ប្រកបដោយ​និរន្តរភាព​ និង​មាន​តំលៃ​សមរម្យ​ មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ប្រទេស​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ប្រទេស​កម្ពុជា​។

លោក​បន្ថែម​ថា​ “ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ មិន​ត្រឹមតែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ថាមពល​ចម្រុះ​ដល់​កម្ពុជា​ តាមរយៈ​ការអភិវឌ្ឍន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ ថែមទាំង​ជួយ​ប្រទេស​កម្ពុជា​ ឱ្យ​សម្រេច​គោលដៅ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ​”។

ប្រាក់កម្ចី​នេះ​ នឹង​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​គំរោង​ថាមពល​ព្រះអាទិត្យ​ជាតិ​ ដែល​នឹង​រួមបញ្ចូល​ជាមួយ​ប្រាក់កម្ចី១១លាន​ដុល្លារ​ផ្សេងទៀត​ ហើយ​មាន​ទឹកប្រាក់៣លាន​ដុល្លារ​ជា​ជំនួយឥតសំណង​ចំនួន​ និង៥០ម៉ឺន​ដុល្លារ​ជា​ជំនួយឥតសំណង​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។

អគ្គិសនី​កម្ពុជា​ នឹង​ចាប់ផ្តើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ ផ្លូវថ្នល់​ ប្រព័ន្ធ​ហ៊ុមព័ទ្ធ​ និង​ប្រព័ន្ធ​បង្ហូរទឹក​សម្រាប់​រោងចក្រ​ថាមពល​នៅ​ខេត្ត​កំពង់ឆ្នាំង​។

យោង​តាម​ ADB​ បានឱ្យ​ដឹង​ថា​ គម្រោង​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ “នឹង​ត្រូវ​ដាក់ដេញថ្លៃ​ ឲ្យ​ទៅ​អ្នក​ផលិត​ថាមពល​ឯកជន​ ដោយ​បែងចែក​ជា​ពីរ​ដំណាក់កាល​ ហើយ​ដំណាក់កាល​ដំបូង​ គឺ​មាន​សមត្ថភាព​ផលិត​ថាមពល​បាន៦០មេ​ហ្កា​វ៉ាត់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here