ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនហិរញ្ញវត្ថុធំៗរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រញាប់ប្រញាល់បង្កើតសាខានៅកម្ពុជា ជាផ្នែកមួយនៃយុទ្ធសាស្រ្តរួមគ្នា ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ាន។
ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងចំនួន៥ បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍មួយ ដែលចេញផ្សាយកាលពីម្សិលមិញដោយភ្នាក់សេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) ដែលជានិយ័តករហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
-->
យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងថា ធនាគារឧស្សាហកម្មកូរ៉េ ធនាគារ Woori ធនាគារ Daegu ធនាគារ Nonghyup និងធនាគារ Kookmin Card បានបង្កើតសាខារបស់ខ្លួននៅកម្ពុជា។
លោក Shin Chang Moo ប្រធានក្រុមហ៊ុន PPCBank បានមានប្រសាសន៍ថា “សក្ដានុពលនៃវិស័យធនាគារ និងសេដ្ឋកិច្ចរបស់កម្ពុជា គឺមានភាពទាក់ទាញចំពោះក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ”។
ក្រុមហ៊ុន JB Financial Group Co Ltd ដែលបានចុះបញ្ជីនៅប្រទេសកូរ៉េបានទិញភាគហ៊ុនភាគច្រើននៃធនាគារPPCBank កាលពីឆ្នាំ២០១៦ មុនពេលធនាគារផ្សេងៗនៅកូរ៉េខាងត្បូងកំពុងចូលទីផ្សារកម្ពុជា។ បន្ទាប់ពីការទិញយកភាគហ៊ុនខាងលើ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Jeonbuk Bank Co Ltd របស់ក្រុមហ៊ុន JB Financial បានទិញយកភាគហ៊ុនភាគច្រើន ៥០ ភាគរយ និងក្រុមហ៊ុនJB Woori Capital Ltd ទិញភាគហ៊ុន១០ភាគរយ។
ក្រុមហ៊ុន Apro Financial Co Ltd ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានទិញភាគហ៊ុន ៤០ ភាគរយដែលនៅសល់។
លោក Shin Chang Moo បាននិយាយថា “កម្ពុជានៅមានកន្លែងជាច្រើន ដើម្បីរីកចម្រើននៅក្នុងវិស័យនេះ ហើយក្រុមហ៊ុនកូរ៉េមិនចាំបាច់ប្រកួតប្រជែង ជាមួយធនាគារផ្សេងទៀតទេ”។ លោកបន្ថែមថា “យើងអាចចូលរួមក្នុងទីផ្សារដើម្បីរីកលូតលាស់ទាំងអស់គ្នា”។
ក្រុមហ៊ុន JB Financial Group Co Ltd មានមូលដ្ឋាននៅទីខេត្ត Jeonju ប្រទេសកូរ៉េខាងត្បូង និងជាខេត្តតូចមួយនៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។
លោក Shin Chang Moo បានឱ្យដឹងថា ក្រុមហ៊ុនបានបង្កើតវត្តមាននៅកម្ពុជា ដោយសារគ្មានឱកាសក្នុងពង្រីកខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសខ្លួន ដែលមានអ្នកប្រកួតប្រជែងច្រើននៅទីនោះ។លោកពន្យល់ថា ក្រុមហ៊ុន JB Financial Group មានមូលដ្ឋានទីតាំតូចបំផុងមួយនៅក្នុងប្រទេសកូរ៉េ។ ពួកគេគឺតូចជាងដៃគូប្រកួតប្រជែងរបស់ពួកគេ ដូច្នេះពួកគេចង់ស្វែងរកលទ្ធភាពពង្រីកទីផ្សារថ្មី។
សារៈសំខាន់របស់កូរ៉េខាងត្បូង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានទំហំធំ។ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទីពីរ បន្ទាប់ពីប្រទេសចិនក្នុងការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគកូរ៉េចំនួន២១២ គម្រោងដែលមានតម្លៃ ៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនធុរកិច្ចកូរ៉េខាងត្បូងជិត៣០០ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅកម្ពុជា ដោយបង្កើតការងារដល់ប្រជាជនរាប់ពាន់នាក់។
កាលពីខែមីនាប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានដឹកនាំគណៈប្រតិភូវិនិយោគិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃមកកាន់កម្ពុជា ជាផ្នែកមួយនៃគោលនយោបាយថ្មី នៃភាគខាងត្បូងរបស់ខ្លួនដែលជាគំនិតផ្តួចផ្តើមមួយ ដើម្បីពង្រឹងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍។
លោកប្រធានាធិបតី Moon នៅឯកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-កូរ៉េដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញកាលពីដើមឆ្នាំនេះ បាននិយាយថា “ប្រទេសកម្ពុជាកំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងមុន ហើយកម្ពុជានឹងក្លាយជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ”។
ក្រុមអ្នកវិភាគរំពឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិននាពេលខាងមុខ នឹងជះឥទ្ធិពលដោយផ្ទាល់ដល់ប្រទេស ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម ដូចជា ប្រទេសកូរ៉េខាងត្បូង និងពន្លឿននូវភាពចាំបាច់ ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ាន។

ប្រទេសអាស៊ានមានប្រជាជនសរុបជាង៦០០លាននាក់ និងផលិតផលសរុបក្នុងស្រុក (GDP) សរុបចំនួន ២,៤ពាន់ពាន់លានដុល្លារ ធ្វើឱ្យក្រុមអ្នកវិភាគមួយចំនួនហៅតំបន់នេះថាជា “ប្រទេសចិនថ្មី”។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា អាស៊ាននឹងមានសេដ្ឋកិច្ចធំបំផុតទីបួននៅលើពិភពលោកនៅឆ្នាំ២០៥០៕