ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក កំពុងងើបឡើងវិញយ៉ាងខ្លាំង ដោយការជួលការិយាល័យបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២០ឆ្នាំ។
ជាក់ស្តែង ទំហំការិយាល័យចំនួន ១១,០២ លានហ្វីតការ៉េត្រូវបានជួលនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNBC។
តួលេខខាងលើបង្ហាញពីការកើនឡើង១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងមានកម្រិតខ្ពស់ជាងមធ្យមភាគរយៈពេល៥ឆ្នាំ និង១០ឆ្នាំ។
នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០០២ ដែលការជួលការិយាល័យប្រចាំត្រីមាសកើនឡើងលើសពី ១១ លានហ្វីតការ៉េក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា។
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ តម្រូវការជួលការិយាល័យមានភាពរឹងមាំបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ ខណៈអត្រាការិយាល័យទំនេរនៅតែមានកម្រិតទាបបំផុត។
ការងើបឡើងវិញកំពុងត្រូវបានជំរុញដោយសារបុគ្គលិកកាន់តែច្រើនវិលត្រឡប់មកការិយាល័យវិញ ភាពរឹងមាំនៃតម្រូវការពីក្រុមហ៊ុនបច្ចេកវិទ្យា/បញ្ញាសិប្បនិម្មិត ផ្នែកច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មហិរញ្ញវត្ថុ។
ជាមួយគ្នានេះ អគារការិយាល័យកំពុងត្រូវបានផ្លាស់ប្តូរទៅជាលំនៅឋាន សណ្ឋាគារ ឬការប្រើប្រាស់ផ្សេងទៀត ដែលកាត់បន្ថយការផ្គត់ផ្គង់ការិយាល័យ៕ប្រភព: CNBC៕







