ដោយ វល័ក្ខ
ភ្នំពេញ៖ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងជាទីប្រឹក្សាសភាពាណិជ្ជកម្មសភាកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់បរិស្ថានក្នុងវិស័យទេសចរណ៍។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋានគិរីរម្យ ថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែឧសភា លោក ហូ វណ្ឌី ជានិច្ចកាលដែលតែងតែចូលរួម និងជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យទេសចរណ៍ ក៏ដូចជាចូលរួមលើកកម្ពស់ក្នុងវិស័យបរិស្ថាន ពិសេសការរើសសំរាមធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានភាពស្រស់ស្អាត។
-->
លោកបានបញ្ជាក់ថា បញ្ហាសំរាម និងអនាម័យគឺជាបញ្ហាប្រឈមធំមួយនៅក្នុងវិស័យទេសចរណ៍កម្ពុជាដែលទាមទារឱ្យប្រជាពលរដ្ឋ អាជ្ញាមូលដ្ឋាន មន្ត្រីជំនាញសហការគ្នាដើម្បីធ្វើយ៉ាងណាដាក់ចេញយុទ្ធនាការធំមួយ កម្ចាត់សំរាមចេញពីកម្ពុជា។
លោកបានបន្តទៀតថា បញ្ហាសំរាម ជាបញ្ហារ៉ាំរៃមួយដែលតែងតែធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍មិនចង់ត្រឡប់មកកម្ពុជាម្ដងទៀតដោយសារតែសំរាមតែងតាមរាយប៉ាយពាសពេញតាមដងផ្លូវ តាមភូមិជាដើម ហើយនេះជារឿងធំមួយដែលរាជរដ្ឋាភិបាលគួរតែដោះស្រាយ។

លោក ហូ វណ្ឌី បានបន្តថា វិស័យទេសចរណ៍ ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញជីវភាព ក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិ ព្រោះភ្ញៀវទេសចរណ៍ទៅដល់ទីណាតែងតែធ្វើឱ្យមានចរន្តសេដ្ឋកិច្ចកើតឡើងនៅទីនោះ ដូច្នេះវិស័យទេសចរណ៍ពិតជាបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ៕


