ទីប្រឹក្សា​ CATA​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លើកកម្ពស់​បរិស្ថាន​ក្នុង​វិស័យ​ទេសចរណ៍

0

ដោយ វល័ក្ខ

​ភ្នំពេញ​៖ លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) និង​ជាទី​ប្រឹក្សា​សភា​ពាណិជ្ជកម្ម​សភា​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លើកកម្ពស់​បរិស្ថាន​ក្នុង​វិស័យ​ទេសចរណ៍​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រមណីយដ្ឋាន​គិរីរម្យ​ ថ្ងៃទី២៥​ ដល់​ថ្ងៃទី២៦​ ខែឧសភា​ លោក​ ហូ​ វណ្ឌី​ ជានិច្ចកាល​ដែល​តែងតែ​ចូលរួម​ និង​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​ ក៏ដូចជា​ចូលរួម​លើកកម្ពស់​ក្នុង​វិស័យ​បរិស្ថាន​ ពិសេស​ការ​រើស​សំរាម​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ស្រស់​ស្អាត​។

លោក​បាន​បញ្ជាក់​ថា​ បញ្ហា​សំរាម​ និង​អនាម័យ​គឺជា​បញ្ហា​ប្រឈម​ធំ​មួយ​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ អាជ្ញា​មូលដ្ឋាន​ មន្ត្រី​ជំនាញ​សហការ​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ដាក់ចេញ​យុទ្ធនាការ​ធំ​មួយ​ កម្ចាត់​សំរាម​ចេញពី​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ បញ្ហា​សំរាម​ ជា​បញ្ហា​រ៉ាំ​រៃ​មួយ​ដែល​តែងតែ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​ភ័យខ្លាច​ ឬមាន​អារម្មណ៍​មិន​ចង់​ត្រឡប់​មក​កម្ពុជា​ម្ដងទៀត​ដោយសារតែ​សំរាម​តែង​តាម​រាយប៉ាយ​ពាសពេញ​តាម​ដងផ្លូវ​ តាម​ភូមិ​ជាដើម​ ហើយ​នេះ​ជា​រឿង​ធំ​មួយ​ដែល​រាជរដ្ឋាភិបាល​គួរតែ​ដោះស្រាយ​។

លោក​ ហូ​ វណ្ឌី​ បាន​បន្ត​ថា​ វិស័យ​ទេសចរណ៍​ ជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ជីវភាព​ ក៏ដូចជា​សេដ្ឋកិច្ច​របស់​ជាតិ​ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទៅដល់​ទីណា​តែងតែ​ធ្វើ​ឱ្យ​មាន​ចរន្ត​សេដ្ឋកិច្ច​កើតឡើង​នៅ​ទីនោះ​ ដូច្នេះ​វិស័យ​ទេសចរណ៍​ពិតជា​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here