ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Lion Corporation ដឹកនាំដោយលោក Takenobu Yamamoto នាយកផ្នែកធុរកិច្ចអន្តរជាតិ។
Lion Corporation គឺជាក្រុមហ៊ុនជប៉ុនដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ផលិតសាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសម្ផស្សនិងអនាម័យផ្សេងៗទៀត។
ដោយមើលឃើញពីសក្តានុពល និងបរិស្ថានវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ក្រុមហ៊ុន Lion Corporation មានបំណងធ្វើការសិក្សាលម្អិតដើម្បីបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រនៅកម្ពុជា។ បច្ចុប្បន្ន នៅអាស៊ាន ក្រុមហ៊ុនមានមូលដ្ឋានផលិតកម្ម នៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោកអគ្គលេខាធិការ បានសម្តែងនូវក្តីរីករាយក្រៃលែង និងថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុន ដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅ សម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន។
លោកជា វុទ្ធី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទ នៃស្ថានភាពពិភពលោកបច្ចុប្បន្ន។
ក្នុងន័យនេះ លោកអគ្គលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តឱ្យបានឆាប់ ក្នុងការវិនិយោគនៅកម្ពុជា ដោយត្រូវស្វែងរកទីតាំងសមស្របណាមួយ ជាពិសេសសូមពិចារណាទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕







