ក្រុមហ៊ុន​កូរ៉េ​មួយគ្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​ដាំដុះ​ និង​ខ្សែ​ច្រវាក់​នាំ​ចេញ​ផ្សិត​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    កូរ៉េខាងត្បូងៈ លោកស្រីនួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភា​ក្សាការងារជាមួយ លោក Karl Gonzalez Kim ប្រធានផ្នែកផែនការនៃក្រុមហ៊ុន CHEONGDO Mushroom នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។

ក្នុង​ឱកាសនោះ លោក Karl Gonzalez Kim បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ លើផលិត​កម្មផ្សិតនៅកម្ពុជា ព្រោះប្រទេសកម្ពុជា មានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ សម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិដទៃទៀត។

បន្ថែមពីនេះ​ លោកបបានបង្ហាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងក្នុងការបង្កើតកសិដ្ឋានដាំដុះ និងខ្សែច្រវាក់នាំចេញផ្សិតនៅកម្ពុជា ហើយបានស្នើសុំកិច្ចសម្របសម្រួល និងការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការស្វែងរកដៃគូក្នុងស្រុកដែលមានសក្តានុពល និងសមស្រប។

ក្រុមហ៊ុន CHEONGDO Mushroom បង្កើតឡើងតាំងពីឆ្នាំ១៩៨៣ មានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងការដាំដុះផ្សិត និងជាក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយ នៅសាធារណរដ្ឋកូរ៉េ​ និងមានជំនាញបច្ចេកទេសក្នុងការផលិតផ្សិតម្ជុល (Enoki) ផ្សិតអយស្ទ័រយក្ស (King Oyster) និងផ្សិតប្រភេទផ្សេងៗទៀត។

បច្ចុប្បន្ន ក្រុមហ៊ុនមានកសិដ្ឋានចំនួន៩កន្លែង នៅសាធារណរដ្ឋកូរ៉េ និងមានរោងចក្រ ព្រមទាំងប្រតិបត្តិការនៅបរទេស ដូចជា សហព័ន្ធអាល្លឺម៉ង់ ព្រះរាជាណាចក្រហូឡង់ ចក្រភពអង់គ្លេស សហព័ន្ធអូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិនជាដើម៕


ចែករំលែក