តម្រូវការ​ជួល​ការិយាល័យ​នៅ​ក្នុង​ប្រទេសហ្វីលីពីន​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆមាស​ទីមួយ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការជួលការិយាល័យនៅក្នុងប្រទេសហ្វីលីពីនបានដាំក្បាលចុះយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ខណៈក្រុមហ៊ុននានាបានពន្យារពេលផែនការពង្រីកអាជីវកម្ម ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អតិផរណា អត្រាការប្រាក់ និងការកើនឡើងនៃថ្លៃដើមសាងសង់។

ប្រតិបត្តិការជួលការិយាល័យបានដាំក្បាលចុះ៣២ភាគរយក្នុងរយៈពេល៦ខែដំបូងបើធៀបនឹងឆ្នាំមុន បន្ទាប់ពីទីផ្សារបានកត់ត្រាប្រតិបត្តិការជួលការិយាល័យសរុបប្រចាំឆ្នាំប្រហែល១លានម៉ែត្រការ៉េក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីមានភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនខែទាក់ទងនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា សម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់លើប្រាក់កម្ចី ដែលជំរុញឱ្យក្រុមហ៊ុននានាពន្យារពេលការសម្រេចចិត្តជួល។

ថ្លៃដើមសំណង់ក៏បានកើនឡើងផងដែរ ដែលបង្ខំឱ្យក្រុមហ៊ុននានាវាយតម្លៃឡើងវិញនូវថវិកា និងពន្យារពេលការជួលការិយាល័យធំៗ។

ជាមួយគ្នានេះ អត្រា​ការិយាល័យ​ទំនេរ (​office vacancy rate) របស់​ទីក្រុង​ម៉ានីល​មាន​ចំនួន១៨ភាគរយក្នុង​អំឡុងរយៈ​ពេល​៦ខែដំបូងដើមឆ្នាំ២០២៦នេះ។

តម្រូវការជួលការិយាល័យភាគច្រើននៅតែប្រមូលផ្តុំនៅក្នុងទីក្រុងម៉ានីល និងទីក្រុងសេប៊ូ ជាទីតាំងដែលក្រុមហ៊ុនសកលធំៗ ចូលចិត្តដាក់មូលដ្ឋាននៅមជ្ឈមណ្ឌលអាជីវកម្មដែលមានស្រាប់៕


ចែករំលែក