ដោយៈ នាង សំណាង
សៀមរាបៈ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធបង្កាន់ដៃនាគជ្រុងខាងលិច នៃរួតទី១ ប៉ែកខាងត្បូង នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ។
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក សយ សុភារិន្ទ បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកស្ថានភាពបង្កាន់ដៃនាគ នៅប៉ែកខាងត្បូងបានបាក់ និងដួលរលំទាំងស្រុង ដែលតម្រូវឱ្យអាជ្ញាធរជាតិអប្សរាជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ។ ដោយសារជាចំណុចពិសេសដែលភ្ញៀវទេសចរ តែងឈរថតពីមាត់ស្រះខាងត្បូងឆ្លុះចាំងកំពូលប្រាសាទ ហើយទីតាំងដែលបាក់នេះ នៅជាប់ប្លង់ថតផងនោះ ទើបអាជ្ញាធរជាតិអប្សរា “លើកគម្រោងអាទិភាព”សម្រាប់ការងារជួសជុល។
គម្រោងជួសជុលបង្កាន់ដៃនាគ ដែលមានប្រវែង២០ម៉ែត្រនេះ បានចាប់ផ្តើមនៅខែមិថុនា ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៦ខាងមុខ។ ក្រុមការងារបានរើថ្ម តថ្មដែលបាក់បែក និងដាប់ឆ្លាក់ជើងទម្រ រួមនិងកំណាត់ដងខ្លួននាគថ្មីជំនួស ទីតាំងដែលបាត់ថ្ម ឬថ្មខូចទ្រង់ទ្រាយ។ល។

អ្នកជំនាញបញ្ជាក់ថា ទីតាំង២០ម៉ែត្រនេះ មានដងខ្លួននាគចំនួន៨ និងជើងទម្រចំនួន៩។ ថ្មចាស់ដែលនៅសេសសល់ អាចតភ្ជាប់ដងខ្លួននាគបានពី៣ទៅ៤កំណាត់ប៉ុណ្ណោះ ក្រៅពីនោះគេត្រូវជំនួសថ្មថ្មី។
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងធ្វើសម្រង់ប្លង់ហានិភ័យបង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត បន្ថែមទៀត សម្រាប់រៀបចំផែនការជួសជុលនាពេលអនាគត៕







