រដ្ឋ​មន្រ្តីពិភាក្សា​អំពីការរៀប​ចំផែនការ​ក្នុង​ការ​នាំភ្ញៀវទេសចរ​អន្តរជាតិ​ពី​តំបន់អាស៊ី​កណ្តាល​មក​ទស្សនា​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអមលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Maxim Zubachev សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាសាំបូកម្ពុជា (National Sambo​Federation of Cambodia) និងជាគ្រូបង្វឹកសាំបូអន្តរជាតិ និងលោក Aleksei Nebozh ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំផែនការក្នុងការនាំភ្ញៀវទេសចរអន្តរជាតិ ពីតំបន់អាស៊ីកណ្តាលមកទស្សនាកម្ពុជា និងការជំរុញកីឡាទេសចរណ៍។

កន្លងមក លោក Maxim Zubachev មានទំនាក់ទំនងល្អជាមួយស្ថាប័ន និងក្រុមហ៊ុនទេសចរណ៍នៅតំបន់អាស៊ីកណ្តាល ដែលបាននាំភ្ញៀវទេសចរជាច្រើនមកកាន់ប្រទេសវៀតណាម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់កីឡាទេសចរណ៍ ក៏ដូចជាគាំទ្រចំពោះផែនការក្នុងការនាំភ្ញៀវទេសចរអន្តរជាតិ ពីតំបន់អាស៊ីកណ្តាលមកទស្សនាប្រទេសកម្ពុជា ពីព្រោះទីផ្សារអាស៊ីកណ្តាល ជាទីផ្សារកំពុងមានសក្តានុពលខ្លាំង។

លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រា​លជ្រៅគោរពជូនចំពោះ លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងការផ្តល់អនុសាសន៍ជាប់ជាប្រចាំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការសម្របសម្រួ​លសម្រាប់ជំនួបពិភាក្សាដ៏មានសារៈសំខាន់នៅថ្ងៃនេះ៕


ចែករំលែក