ដោយៈ ចំណាន
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអមលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Maxim Zubachev សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាសាំបូកម្ពុជា (National SamboFederation of Cambodia) និងជាគ្រូបង្វឹកសាំបូអន្តរជាតិ និងលោក Aleksei Nebozh ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំផែនការក្នុងការនាំភ្ញៀវទេសចរអន្តរជាតិ ពីតំបន់អាស៊ីកណ្តាលមកទស្សនាកម្ពុជា និងការជំរុញកីឡាទេសចរណ៍។
កន្លងមក លោក Maxim Zubachev មានទំនាក់ទំនងល្អជាមួយស្ថាប័ន និងក្រុមហ៊ុនទេសចរណ៍នៅតំបន់អាស៊ីកណ្តាល ដែលបាននាំភ្ញៀវទេសចរជាច្រើនមកកាន់ប្រទេសវៀតណាម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់កីឡាទេសចរណ៍ ក៏ដូចជាគាំទ្រចំពោះផែនការក្នុងការនាំភ្ញៀវទេសចរអន្តរជាតិ ពីតំបន់អាស៊ីកណ្តាលមកទស្សនាប្រទេសកម្ពុជា ពីព្រោះទីផ្សារអាស៊ីកណ្តាល ជាទីផ្សារកំពុងមានសក្តានុពលខ្លាំង។
លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងការផ្តល់អនុសាសន៍ជាប់ជាប្រចាំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការសម្របសម្រួលសម្រាប់ជំនួបពិភាក្សាដ៏មានសារៈសំខាន់នៅថ្ងៃនេះ៕







