ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានបញ្ជាក់ថា យើងបាននិងកំពុងត្រៀម លក្ខណៈសម្បត្តិយ៉ាងសកម្មដើម្បីជំរុញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី និងជំរុញទេសចរណ៍ភាពយន្ត ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដើម្បីលើកស្ទួយវិស័យទេសចរណ៍”។
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងវិស័យឯកជន សរុបប្រមាណ៦០រូប។
កន្លងមក ក្រសួងទេសចរណ៍បានសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និង ស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងការសម្របសម្រួលឱ្យផលិតកម្ម Daubai Production ថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមចំណងជើងថា “ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា” និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកាហ្សាក់ស្ថាន។
ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់ជាទីតាំងថតភាពយន្តអន្តរជាតិល្បីៗជាច្រើនដូចជា Tomb Raider, Two Brothers, First They Killed My Father, In the Mood for Love, និង The Sea Wall ព្រមទាំងការថតស្ប៉តពាណិជ្ជកម្មអន្តរជាតិ របស់ម៉ាកសញ្ញាប្រណិតៗដូចជាSTEFANO RICCI និង Louis Vuitton (LV)។
ចំណែកឯការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក៏ធ្លាប់ត្រូវបានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោករួមមាន មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំសហគមន៍ OB-PS លើកទី៤២, ពិព័រណ៍គ្រឿងអលង្ការ BVLGARI, ព្រឹត្តិការណ៍ Gumball 3000 និងនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនទៀត។
ទន្ទឹមនឹងនេះ ដើម្បីជំរុញការងារទស្សនាប្រាសាទ នាពេលរាត្រីឱ្យមានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង លោកហួត ហាក់ បានណែនាំត្រូវ ឱ្យមានជាគម្រោងសាកល្បង (Pilot Project) ដោយត្រូវជ្រើសរើសប្រាសាទ១ ឬ២ ជាការដាក់សាកល្បង នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរ នៅពេលរាត្រីផងដែរ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។ ជាក់ស្តែង នាពេលឆាប់ៗខាងមុខនេះ លោករដ្ឋមន្ត្រី នឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍ នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងជាគំរូដ៏មានប្រសិទ្ធភាព សម្រាប់ពង្រីកទៅកាន់សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែម ដល់ប្រជាពលរដ្ឋសហគមន៍ដោយផ្ទាល់។
បន្ថែមលើនេះ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ គម្រោងផលិតភាពយន្តខ្នាតខ្លី ដែលមានការចូលរួមពីតារាសម្តែងល្បីជនជាតិកូរ៉េ និងតារាសម្តែងរបស់កម្ពុជា ដែលថតនៅតាមគោលដៅទេសចរណ៍សំខាន់ៗ នឹងគ្រោងលេចជារូបរាងឡើងនាពេលខាងមុខផងដែរ។
ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទ នាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធាន១រូប អនុប្រធាន៦រូប, សមាជិក២៨រូប និងក្រុមការងារបច្ចេកទេស១ក្រុម៕









