រដ្ឋាភិបាល​ត្រៀម​លក្ខណៈ​សម្បត្តិ​យ៉ាង​សកម្ម​ដើម្បី​ជំរុញគម្រោង​សាកល្បង​ទស្សនា​ប្រាសាទ​ពេលរាត្រី​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានបញ្ជា​ក់ថា យើងបាននិងកំពុងត្រៀម លក្ខណៈសម្បត្តិយ៉ាងសកម្មដើ​ម្បីជំរុ​ញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី និងជំរុញទេស​ចរណ៍ភាពយន្ត ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដើម្បីលើកស្ទួយវិស័យទេសចរណ៍”។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោ​យមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងវិស័យឯកជន សរុបប្រមាណ៦០រូប។

កន្លងមក ក្រសួងទេសចរណ៍បានសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និង ស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងការសម្របសម្រួលឱ្យផលិត​កម្ម Daubai Production ថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមចំណងជើងថា “ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា” និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកាហ្សាក់ស្ថាន។

ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់ជាទីតាំងថតភាពយន្តអន្តរជាតិល្បីៗជាច្រើនដូចជា Tomb Raider, Two Brothers, First They Killed My Father, In the Mood for Love, និង The Sea Wall ព្រមទាំងការថតស្ប៉តពាណិជ្ជកម្មអន្តរជាតិ របស់ម៉ាកសញ្ញាប្រណិតៗដូចជាSTEFANO RICCI និង Louis Vuitton (LV)។

ចំណែកឯការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក៏ធ្លាប់ត្រូវបានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោករួមមាន មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំសហគមន៍ OB-PS លើកទី៤២, ពិព័រណ៍គ្រឿងអលង្ការ BVLGARI, ព្រឹត្តិការណ៍ Gumball 3000 និងនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនទៀត។

ទន្ទឹមនឹងនេះ ដើម្បីជំរុញការងារទស្សនាប្រាសាទ នាពេលរាត្រីឱ្យមានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង លោកហួត ហាក់ បានណែនាំត្រូវ ឱ្យមានជាគម្រោងសាកល្បង (Pilot Project) ដោយ​ត្រូវ​ជ្រើសរើសប្រាសាទ១ ឬ២ ជាការដាក់សាកល្បង នា​ពេល​ឆាប់ៗខាង​មុខ​នេះ​។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរ នៅពេលរាត្រីផងដែរ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។ ជាក់ស្តែង នាពេលឆាប់ៗខាងមុខនេះ លោករដ្ឋមន្ត្រី នឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍ នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងជាគំរូដ៏មានប្រសិទ្ធភាព សម្រាប់ពង្រីកទៅកាន់សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែម ដល់ប្រជាពលរដ្ឋសហគមន៍ដោយផ្ទាល់។

បន្ថែ​មលើនេះ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ គម្រោងផលិតភាពយន្តខ្នាតខ្លី ដែលមានការចូលរួមពីតារាសម្តែងល្បីជនជាតិកូរ៉េ និងតារាសម្តែងរបស់កម្ពុជា ដែលថតនៅតាមគោលដៅទេសចរណ៍សំខាន់ៗ នឹងគ្រោងលេចជារូបរាងឡើងនាពេលខាងមុខផងដែរ។

ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទ នាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធាន១រូប អនុប្រធាន៦រូប, សមាជិក២៨រូប និងក្រុមការងារបច្ចេកទេស១ក្រុម៕

 


ចែករំលែក