ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីពង្រឹងយន្តការការងារ និង កំណត់ទិសដៅអនុវត្តន៍

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ  លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ដើម្បីពង្រឹងយន្តការការងារ និងកំណត់ទិសដៅអនុវត្តការងារបន្ត។

កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារលេខាធិការដ្ឋាន ដើម្បីពង្រឹងយន្តការការងារ និង កំណត់ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខ័ណ្ឌនៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦ​សាន ឆ្នាំ ២០២៥-២០២៨” ។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីជំរុញការអនុវត្តកម្មវិធីពិសេស ឱ្យប្រកបដោយប្រសិទ្ធភាព និង ទទួលបានផ្លែផ្កាដូចការគ្រោងទុក ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ លេខាធិការដ្ឋាន ក.វ.ឦសាន ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមចំនួន ២ នោះគឺ ទី១. បន្តឃុំគ្រង និង គាំពារវិនិយោគិន ដែលមានឆន្ទៈវិនិយោគពិតប្រាកដ និង កំពុងមានប្រតិបត្តិការស្រាប់ក្នុងតំបន់ និងទី២. បំផុសនិងជំរុញការវិនិយោគថ្មីៗ ទាំងវិនិយោគក្នុងស្រុក និងបរទេស និងជាពិសេស ការលើកកម្ពស់ និងជំរុញការវិនិយោគរបស់ SMEs ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ។

ផ្អែកតាមអភិក្រមនេះ លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ជូនលេខាធិការដ្ឋានក.វ.ឦសាន ត្រូវបន្តពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែបុរេសកម្ម ស្វាហាប់ និងមានប្រសិទ្ធភាពជាងមុនបន្ថែមទៀត ក្នុងការសម្របសម្រួលនីតិវិធីវិនិយោគជាកញ្ចប់ និងចូលរួមដោះស្រាយ បញ្ហាជាក់ស្តែងរបស់វិនិយោគិន តាមរយៈយន្តការ “ច្រកចេញចូលតែមួយ”ស្របតាមអភិក្រម “ជវភា​ពនៃប្រព័ន្ធតួអង្គតែមួយ”៕


ចែករំលែក