ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា តំបន់ព្រែកព្នៅ នៃខណ្ឌព្រែកព្នៅបាន និងកំពុងបង្ហាញសក្តានុពលក្នុងវិស័យអចលនទ្រព្យ ដែលអ្នវិនិយោគមានឳកាសរកផលចំណេញពីការវិនិយោគរបស់ពួកគេ បើធៀបជាមួយនឹងតំបន់ដទៃនៃទីក្រុងភ្នំពេញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ ឧសភានេះថា ខណ្ឌព្រែកព្នៅចាប់ផ្តើមមានការអភិវឌ្ឍដី ដោយតំបន់វាលស្រែ បឹងបានលុប ហើយក្លាយជាតំបន់លំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម។ ដីមួយចំនួនត្រូវបានកែប្រែដីទំនេរជាលំនៅឋាន និងសាងសង់បូរី ខណៈបច្ចុប្បន្នសន្ទុះនៃការ អភិវឌ្ឍន៍លំនៅឋាន នៅតំបន់មានល្បឿនលឿន ដោយសារអ្នកអភិវឌ្ឍបាន និងកំពុងចាប់ឳកាសក្នុងការវិនិយោគ ដោយ សារតម្លៃដីសម្រាប់វិនិយោគអាចរកផលចំណេញបាន។
-->
លោកបន្តថា “តំបន់នេះ បានតភា្ជប់ជាមួយតំបន់ទីក្រុងកាំកូ ដូច្នេះវាធ្វើឲ្យតំបន់ព្រែកព្បៅកាន់តែជិតក្នុងធ្វើដំណើរមកទីក្រុងភ្នំពេញ”។ លោកបន្ថែមថា “តម្លៃដីនៅតំបន់នេះមានភាពខុសគ្នា អាស្រ័យលើទីតាំង និងតាមផ្លូវធំមានចាប់ពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនៅកន្លែងខ្លះអាចមានចាប់ពី ៨០០ ទៅ ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីតាមផ្លូវតូចៗអាចមានតម្លៃចាប់ពី ១០០ ទៅ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកច្រឹក សុខនីមបានថ្លែងថា “តំបន់នេះ នឹងកា្លយជាតំបន់លំនៅឋាននាពេលអនាគត ដោយគម្រោងលំនៅឋានជាច្រើនដូចគម្រោងបុរីចំនួនបាន និងកំពុងបោះទីតាំងវិនិយោគរបស់ខ្លួននៅទីនេះ”។
ជាមួយគ្នានេះ លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate Cambodia មានប្រសាសន៍ថា ស្ថានភាពអចលនទ្រព្យនៅខណ្ឌព្រែកភ្នៅឃើញមានសន្ទុះច្រើន ដោយមានគម្រោងបន្ថែមច្រើន ហើយឥឡូវយើងឃើញមានការអភិវឌ្ឍន៍ចំរុះដូចជាលំនៅឋាន អាជីវកម្ម និងផ្សារ។
លោកបន្តថា “តម្លៃអចលនទ្រព្យនៅខាងតំបន់ព្រែកព្នៅនៅដើមឆ្នាំនេះ បានកើនឡើងរង្វង់ពី១៥ ទៅ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃដីនៅតាមផ្លូវធំចាប់ពី៨០០ ទៅ១,០០០ ដុល្លារក្នុងម៉ែត្រការ៉េ ហើយតម្លៃដីលំតូចៗឬផ្លូវបេតុងមានចាប់ពី១០០ ទៅ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
ដោយឡែកសម្រាប់តម្លៃដីឡូអាចចាប់ពី១ ម៉ឺន ឬជាង១ម៉ឺនដុល្លារក្នុងមួយឡូ ហើយក្រោមតម្លៃក្រោម ១ម៉ឺដុល្លារក៏មានដែរ ខណៈតម្លៃលំនៅឋានដែលអភិវឌ្ឍន៍នៅតំបន់នេះ មានតម្លៃសមរម្យមានចាប់ពី៥ ទៅ៦ម៉ឺនដុល្លារ ហើយលំនៅឋាននៅតំបន់អាចតម្លៃដល់១០ ម៉ឺនដុល្លារផងដែរ។
លោកឌិត ចណ្ណាបានបន្តថា “តំបន់ព្រែកព្នៅ អាចនឹងកា្លយជាតំបន់ដែលមានការអភិវឌ្ឍន៍ចំរុះ ដោយសារយើងឃើញមានការអភិវឌ្ឍន៍លំនៅឋាន ការធ្វើអាជីវកម្មផ្សេងៗ និងក៏ឃើញមានវិនិយោគិនចិនចូលទៅអភិវឌ្ឍនៅតំបន់នេះដែរ”។
តំបន់ព្រែកព្នៅដែលស្ថិតនៅខាងជើងឈៀងខាងលិច គឺតំបន់មួយក្នុងចំណោមតំបន់ដែលបាន និងកំពុងបង្ហាញពីសក្តានុពលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ និងមានចំងាយប្រហែល១៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ៕
[…] ប្រភព៖ Property Area […]