ក្រុងសៀមរាប​ នឹង​មាន​ផ្លូវ​សម្រាប់​សេវារថយន្ត​ក្រុងសាធារណៈ​ចំនួន​៣​ខ្សែ​ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​

ចែករំលែក

ដោយៈ ម៉ាណា

សៀមរាបៈ លោក លី សារី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព “គម្រោងរថយន្តក្រុងអគ្គិសនី” ជាមួយក្រុមហ៊ុនទីប្រឹក្សា Misca Advisors Ltd តាមប្រព័ន្ធzoom និងផ្ទាល់នៅសាលប្រជុំលេខ២ រដ្ឋបាលខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គិសនីសៀមរាប ផ្តល់អត្ថប្រយោ​ជន៍សំខាន់ៗជាច្រើនដល់ប្រជាពលរដ្ឋ និងជួយជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងបៃតង សំដៅទាក់ទាញវិនិយោគិន និងទេសចរ។​

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន៣ខ្សែ និងស្ថានីយរង់ចាំចំនួនប្រមាណ៣៣ទីតាំង ដូចខាងក្រោមរួមមាន

-ខ្សែរត់ទី១៖ តាមបណ្តោយផ្លូវជាតិលេខ៦ (ទាំងទៅ និងមក) ចាប់ពីចំណុចរង្វង់មូលវិទ្យាល័យសម្តេចឪ ផ្លូវជាតិលេខ៦ រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ) ស្រុកប្រាសាទបាគង។

-ខ្សែរត់ទី២៖ តាមផ្លូវស្របស្ទឹងសៀមរាប ចាប់ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ។

-ខ្សែរត់ទី៣៖ តាមផ្លូវក្រវាត់ក្រុង ចាប់ពីស្តុបចុងកៅស៊ូ រត់តាមបណ្តោយវិថីឈ្នះឈ្នះ (ផ្លូវក្រវាត់ក្រុង) រហូតដល់ស្តុបឈ្នះឈ្នះ បន្តតាមវិថីសម្តេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ បត់តាមស្តុបគន្ធបុប្ផា មកតាមបណ្តោយវិថីសម្តេចវិបុលបញ្ញា សុខ អាន រហូតដល់រង្វង់មូលព្រៃគុយ បន្តឆ្ពោះទៅរង្វង់មូលផ្ការំដួល (ស្វាយធំ) និងបន្តតាមផ្លូវជាតិលេខ៦ រហូតដល់ស្តុបចុងកៅស៊ូវិញ៕


ចែករំលែក