ដោយៈ ម៉ាណា
សៀមរាបៈ លោក លី សារី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព “គម្រោងរថយន្តក្រុងអគ្គិសនី” ជាមួយក្រុមហ៊ុនទីប្រឹក្សា Misca Advisors Ltd តាមប្រព័ន្ធzoom និងផ្ទាល់នៅសាលប្រជុំលេខ២ រដ្ឋបាលខេត្តសៀមរាប។
លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គិសនីសៀមរាប ផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់ប្រជាពលរដ្ឋ និងជួយជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងបៃតង សំដៅទាក់ទាញវិនិយោគិន និងទេសចរ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន៣ខ្សែ និងស្ថានីយរង់ចាំចំនួនប្រមាណ៣៣ទីតាំង ដូចខាងក្រោមរួមមាន
-ខ្សែរត់ទី១៖ តាមបណ្តោយផ្លូវជាតិលេខ៦ (ទាំងទៅ និងមក) ចាប់ពីចំណុចរង្វង់មូលវិទ្យាល័យសម្តេចឪ ផ្លូវជាតិលេខ៦ រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ) ស្រុកប្រាសាទបាគង។
-ខ្សែរត់ទី២៖ តាមផ្លូវស្របស្ទឹងសៀមរាប ចាប់ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ។
-ខ្សែរត់ទី៣៖ តាមផ្លូវក្រវាត់ក្រុង ចាប់ពីស្តុបចុងកៅស៊ូ រត់តាមបណ្តោយវិថីឈ្នះឈ្នះ (ផ្លូវក្រវាត់ក្រុង) រហូតដល់ស្តុបឈ្នះឈ្នះ បន្តតាមវិថីសម្តេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ បត់តាមស្តុបគន្ធបុប្ផា មកតាមបណ្តោយវិថីសម្តេចវិបុលបញ្ញា សុខ អាន រហូតដល់រង្វង់មូលព្រៃគុយ បន្តឆ្ពោះទៅរង្វង់មូលផ្ការំដួល (ស្វាយធំ) និងបន្តតាមផ្លូវជាតិលេខ៦ រហូតដល់ស្តុបចុងកៅស៊ូវិញ៕







