តើ​កិច្ចសន្យា​ទិញ​/លក់​អចលនវត្ថុ​ត្រូវ​ធ្វើឡើង​ក្នុង​ទម្រង់​បែប​ណា​ដើម្បីឲ្យ​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ តាម​និយមន័យ​ដែល​មាន​ចែង​ក្នុង​មាត្រា៥១៥​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​កិច្ចសន្យា​ទិញ​លក់​ គឺជា​កិច្ចសន្យា​មួយ​ ដែល​ភាគី​ម្ខាង​ ហៅថា​ “អ្នកលក់​” មាន​ករណីយកិច្ច​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ​លើ​វត្ថុ​ណាមួយ​ ទៅ​ឲ្យ​ភាគី​ម្ខាងទៀត​ ហៅថា​ “អ្នកទិញ​” ហើយ​អ្នកទិញ​នេះ​ មាន​ករណីយកិច្ច​ទូទាត់​លុយ​ជា​ថ្លៃ​វត្ថុ​នោះ​ទៅ​ឲ្យ​អ្នកលក់​។

ជាមួយគ្នា​នេះ​ លោក​-អ្នក​ត្រូវ​ពិនិត្យ​ជាបឋម​ថា​ តើ​អ្នក​ចុះ​កិច្ចសន្យា​នេះ​ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ដែរ​ឬទេ​?។

គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ​នៅ​ចំណុច​នេះ​ថា​ តើ​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូប​វ័ន្ត​បុគ្គល​ឬក៏​ជា​នីតិបុគ្គល​ (ក្រុមហ៊ុន​ ឬអង្គការ​)? ប្រសិនបើជា​រូប​វ័ន្ត​បុគ្គល​ គេ​ត្រូវ​ពិនិត្យមើល​ថា​ តើ​ដី​ដែល​គាត់​លក់​នេះ​ជា​ទ្រព្យ​ឯកជន​របស់​គាត់​ ឬក៏​ជា​ទ្រព្យ​រួម​ ដែល​មាន​ម្ចាស់​ផ្សេងទៀត​។ ប្រសិនបើជា​ទ្រព្យ​រួម​ គាត់​មិន​អាច​ចុះ​កិច្ចសន្យាលក់​តែឯង​បានទេ​ គឺ​ត្រូវតែ​មានការ​ព្រមព្រៀង​លក់​ ពីសំណាក់​ម្ចាស់​ផ្សេងទៀត​។

ប្រសិនបើជា​នីតិបុគ្គល​ គេ​ត្រូវ​ពិនិត្យមើល​ថា​ តើ​អ្នក​មក​ចុះ​កិច្ចសន្យា​ បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល​ (អង្គការ​) ឬក៏​ម្ចាស់ភាគហ៊ុន​ (ក្រុមហ៊ុន​) ដែរ​ទេ​? សម្រាប់​អ្នកលក់​ គឺ​ត្រូវ​ពិនិត្យមើល​ថា​ តើ​អ្នកទិញ​មាន​សញ្ជាតិ​ខ្មែរ​ដែរ​ឬទេ​ ពីព្រោះ​ថា​ តាមច្បាប់​កម្ពុជា​ ជនបរទេស​មិន​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ​។ បើសិនជា​ ពិនិត្យ​ទៅ​ឃើញថា​ គូភាគី​ពិតជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ​ គេ​ត្រូវ​និយាយ​ពី​ទម្រង់​នៃ​កិច្ចសន្យា​ម្តង​។ ការទិញ​ដូរ​អចលនវត្ថុ​ គឺជា​កិច្ចសន្យា​ ដែល​មាន​លក្ខណៈ​ពិសេស​។

គូភាគី​មិន​អាច​ចុះហត្ថលេខា​ តាម​ទម្រង់​ជា​លិខិតឯកជន​បាន​នោះ​ទេ​។ ដើម្បីឲ្យ​កិច្ចសន្យា​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ កិច្ចសន្យា​ទិញដូរ​អចលនវត្ថុ​ត្រូវតែ​ធ្វើឡើង​ក្នុង​ទម្រង់​ជា​លិខិត​យថា​ ភូត​ ដោយ​គោរព​តាម​ទម្រង់​ និង​នីតិវិធី​ ដែល​កំណត់ដោយច្បាប់​ ពោល​គឺ​កិច្ចសន្យា​ត្រូវ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ និង​មានការ​ទទួលដឹង​ឮពី​អាជ្ញាធរ​មានសមត្ថកិច្ច​។

ដី​កម្មសិទ្ធិ​ (ប្លង់​រឹង​) ប្រសិនបើ​ការទិញ​ដូរ​នេះ​ ធ្វើឡើង​លើ​ដី​កម្មសិទ្ធិ​ មានន័យថា​ អ្នកលក់​គឺជា​កម្មសិទ្ធិករ​ កាន់​“ប្លង់​រឹង​” ការ​ចុះ​កិច្ចសន្យា​ ត្រូវ​ធ្វើឡើង​តាម​ទម្រង់​បែបបទ​ ដែល​ដាក់ឲ្យ​ប្រើ​ដោយ​ក្រសួងសុរិយោដី​ ដែលគេ​ហៅថា​ “លិខិត​លក់​ផ្តាច់​”។ អ្នកទិញ​ និង​អ្នកលក់​ ដោយ​ច្បាប់​តម្រូវឲ្យ​មាន​សាក្សី​ម្នាក់១ផង​នោះ​ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់​ ដោយមាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក​/ខ័ណ្ឌ​។

​បន្ទាប់មក​ គេ​ត្រូវ​យក​កិច្ចសន្យា​នេះ​ ទៅ​អាជ្ញាធរ​សុរិយោដី​ ដើម្បី​ធ្វើការ​ចុះបញ្ជី​ផ្ទេរសិទ្ធិ​ (កាត់ឈ្មោះ​)។ ដំបូង​ភាគី​ទាំងពីរ​ត្រូវ​យក​កិច្ចសន្យាលក់​ ទៅ​ឲ្យ​ការិយាល័យ​សុរិយោដី​ស្រុក​/ខ័ណ្ឌ​ ដើម្បី​ពិនិត្យមើល​ថា​ តើ​កិច្ចសន្យា​នេះ​ពិតជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ​។ បើសិនជា​ការិយាល័យ​សុរិយោដី​ស្រុក​/ខ័ណ្ឌ​ ពិនិត្យមើល​ឃើញថា​ត្រឹមត្រូវ​ហើយ​ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត​/ក្រុង​ ជា​អ្នកពិនិត្យ​មើល​ចុងក្រោយ​ មុននឹង​ធ្វើការ​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិ​។

មុននឹង​មន្ទីរ​សុរិយោដី​ ចុះបញ្ជី​ផ្ទេរសិទ្ធិ​ អ្នកទិញ​ត្រូវ​ទៅ​បង់ពន្ធ​ជាមុន​សិន​ (៤%នៃ​តម្លៃ​ដី​)។ បន្ទាប់ពី​បាន​បង្កាន់ដៃ​ពន្ធ​ហើយ​ ទើប​មន្ទីរ​សុរិយោដី​ចារ​លើ​ប្លង់ដី​នេះ​ថា​ អ្នកទិញ​នឹង​ក្លាយទៅជា​ម្ចាស់ដី​ ចាប់ពី​ពេលនេះ​តទៅ​។

ដី​ភោគៈ​ (ប្លង់​ទន់​) សម្រាប់​ដី​ភោគៈ​ (ឬដី​ប្លង់​ទន់​) មិន​មាន​នីតិវិធី​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិ​ នៅ​អាជ្ញាធរ​សុរិយោដី​ទេ​ ពីព្រោះ​ថា​ ដី​នេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ​ ដូច្នេះ​ មិនទាន់​មាន​ចុះ​ នៅក្នុង​បញ្ជី​រដ្ឋបាល​ដីធ្លី​ នៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយ​ទេ​។ កិច្ចសន្យា​ទិញ​/លក់​ដី​ប្រភេទ​នេះ​ ច្បាប់​តម្រូវឲ្យ​មានការ​ចុះ​ ដោយមាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ​ ដោយ​មិន​ចាំបាច់​ទៅដល់​អាជ្ញាធរ​សុរិយោដី​ទេ​។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ នៅកន្លែង​ខ្លះ​ កិច្ចសន្យាលក់​ដី​ភោគៈ​ គេ​ធ្វើ​ ដោយមាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ​/សង្កាត់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​នៅកន្លែង​ខ្លះទៀត​ គេ​ធ្វើ​នៅ​ឃុំ​/សង្កាត់​ហើយ​ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​/ខ័ណ្ឌ​ជួយ​ដឹងឮ​មួយ​ដំណាក់​ទៀត​។ ការ​ដឹងឮ​ពីសំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់​ គឺ​កាន់តែ​មាន​សុវត្ថិភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here