ដោយៈ ចំណាន
លោកឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ស្រុកពញាក្រែក (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧)។
បេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងធនាគារAIIB មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំផងដែរ។
ការចុះពិនិត្យនេះធ្វើឡើង ក្នុងគោលបំណងសិក្សា វាយតម្លៃស្ថានភាពផ្លូវជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់រៀបចំគម្រោងផ្លូវជាតិលេខ៨ឱ្យកាន់តែប្រសើរឡើង។

គម្រោងនេះមានមានប្រវែង សរុបប្រមាណ១២៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានផ្លូវខ្នែងលេខ៨៨ តភ្ជាប់ទៅច្រកព្រំដែនអន្តរជាតិកម្ពុជា -វៀតណាម ម៉ឺនជ័យ-តឺនណាម។
ផ្លូវជាតិលេខ៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ព្រមទាំងមានតួនាទី តភ្ជាប់រាជធានីភ្នំពេញទៅកាន់តំបន់ភាគខាងកើត និងច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាមផងដែរ៕







